អ្នកការពារបរិស្ថាន និងសិទ្ធិមនុស្ស លោក ម៉ា ចិត្រា ប្រាប់អាស៊ីសេរីនៅថ្ងៃទី៨ឧសភាថា ដើមឈើតូចធំជាង២០០ដើម ត្រូវបានកាប់ផ្ដួលរំលំនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ អំឡុងពេលមុនិងក្រោយពិធីបុណ្យចូលឆ្នាំខ្មែរថ្មីនេះ។ លោកបន្តថា ការរកឃើញនេះ បន្ទាប់ពីសកម្មជននិងសហគមន៍មូលដ្ឋានជាង១០នាក់ បាននាំគ្នាចូលត្បាតនៅក្នុងតំបន់ព្រៃព្រះរការអស់រយៈពេល៣ថ្ងៃ៣យប់ក្នុងសប្ដាហ៍នេះ និងបានសង្កេតឃើញថា ក្រុមជនល្មើសបានចូលទៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ដើម្បីអារឈើទាំងយប់ទាំងថ្ងៃ ដោយមិនខ្លាចរអាលមន្ត្រីឧទ្យានុរក្សឡើយ។
ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ក្នុងខេត្តព្រះវិហារនេះ ខ្ញុំមើលឃើញថា វាជាស្ថានភាពមួយដ៏អាក្រក់ ហើយរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ជាពិសេសឯកឧត្តម អ៊ាង សុផល្លែត (រដ្ឋមន្ត្រីក្រសួងបរិស្ថាន) ដែលបច្ចុប្បន្ននេះ គាត់សកម្មរឿងរើសសំរាម ជាជាងរឿងព្រៃឈើ។ ខ្ញុំថា រឿងទាំងពីរនេះ សំខាន់ដូចគ្នា សំរាមអាចរើសនៅថ្ងៃស្អែកបាន ប៉ុន្តែព្រៃឈើ បើគេកាប់ថ្ងៃហ្នឹងហើយ គឺងាប់បាត់ហើយ អត់អាចរស់មកវិញស្អែកហ្នឹងទេ។
— លោក ម៉ា ចិត្រា
លោកបន្តថា ដើមឈើដែលត្រូវបានក្រុមជនល្មើសកាប់ផ្ដួលទាំងនោះ ខ្លះមានមុខកាត់ប្រវែង១ម៉ែត្រ ទៅ១ម៉ែត្រកន្លះ និងជាប្រភេទឈើដែលផ្ដល់អនុផលសម្រាប់ពលរដ្ឋដងយកជ័រទឹក ឬជ័រច្បោះ ដូចជាដើមឈើទាល ផ្ដៀក ត្រាច និងកកោះជាដើម។
សហគមន៍បានលើកឡើងថា ក្រុមជនល្មើសដែលចូលទៅកាប់ឈើពីតំបន់ព្រៃព្រះរការ គឺបានដឹកចេញយកទៅលក់ឱ្យថៅកែឈើម្នាក់ឈ្មោះ ធី ដែលប្រកបរបរនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយមិនមានការបង្ក្រាបនោះទេ។ លើសពីនេះ ពួកគាត់សង្ស័យថា ថៅកែឈើរូបនោះអាចមានការគប់គិតជាមួយក្រុមមន្ត្រីពាក់ព័ន្ធដែលប្រព្រឹត្តអំពើពុករលួយ។
ជុំវិញបញ្ហានេះ វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានទេនៅថ្ងៃទី៨ឧសភា។
រដ្ឋាភិបាលបានចេញអនុក្រឹត្យបង្កើតដែនជម្រកសត្វព្រៃព្រះរការ ដែលមានទំហំជាង៩ម៉ឺន (៩០.៣៦១) ហិកតា ទុកជាតំបន់ការពារនិងអភិរក្ស តាំងពីខែឧសភា ឆ្នាំ២០១៦។ ទោះជាយ៉ាងណា សកម្មជននិងសហគមន៍មូលដ្ឋានតែងរកឃើញថា អាជ្ញាធរពាក់ព័ន្ធតែងបណ្ដែតបណ្ដោយឱ្យក្រុមជនល្មើសចូលទៅកាប់ព្រៃឈើដោយសេរី ដែលស្តើរតែបំផ្លាញអស់នូវប្រភេទដើមឈើធំៗទៅហើយ។
អ្នកការពារបរិស្ថាន និងសិទ្ធិមនុស្ស លោក ម៉ា ចិត្រា ជំរុញឱ្យរដ្ឋាភិបាលគួរបើកឱកាសឱ្យសកម្មជន និងសហគមន៍មូលដ្ឋាន អាចចូលរួមល្បាតការពារព្រៃឈើដោយសេរីឡើងវិញ បើមិនដូច្នេះទេ ព្រៃឈើសំខាន់ៗ របស់កម្ពុជា ដូចជាដែនជម្រកសត្វព្រៃព្រះរការ និងព្រៃឡង់ជាដើម នឹងនៅតែបន្តរងការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរដូចសព្វថ្ងៃនេះ៕
សូមលោកអ្នកនាងរង់ចាំទស្សនារឿងនេះជាវីដេអូ នាពេលឆាប់ៗនេះ!
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។