នៅថ្ងៃទី១២ឧសភា សហគមន៍ជនជាតិដើមភាគតិចកួយនៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានចេញផ្សាយរបាយការណ៍ ស្ដីពីការរកឃើញបទល្មើសព្រៃឈើជាង៣រយ (៣៣៤) ករណី បន្ទាប់ពីពួកគាត់រួមទាំងសកម្មជនជាង១០នាក់ បានចុះល្បាតរួមគ្នាដើម្បីប្រមូលព័ត៌មានពីបច្ចុប្បន្នភាពក្នុងដែនជម្រកសត្វព្រៃព្រះរការ អស់រយៈពេល៣ថ្ងៃ៣យប់ កាលពីថ្ងៃទី៥ដល់ថ្ងៃទី៧ខែឧសភានេះ។
របាយការណ៍បន្តថា នៅក្នុងបទល្មើសទាំងនោះ គឺពួកគាត់បានរកឃើញដើមឈើតូចធំត្រូវបានកាប់ផ្ដួលរំលំ ដូចជាដើមឈើទាល ដើមរាំង ដើមគគីរ និងដើមសុក្រម ដែលខ្លះមានមុខកាត់ ចាប់ពីកន្លះម៉ែត្រ ទៅជាង១ម៉ែត្រកន្លះ ហើយភាគច្រើន ត្រូវបានគេកាប់នៅចំណុចជាំទឹកខ្មៅ អូរស្កាច និងអូររំស៊ែ រួមទាំងការរកឃើញទីកន្លែងបោះតង់អ្នកអារឈើ ម៉ាស៊ីនអារឈើ និងសម្ភារៈជួសជុលម៉ាស៊ីនអារឈើជាដើម។
ជនជាតិដើមភាគតិចកួយបានលើកឡើងថា បទល្មើសព្រៃឈើទាំងនេះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រពៃណី ទំនៀមទម្លាប់ និងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ដែលពឹងអាស្រ័យអនុផលព្រៃឈើ តាមរយៈការចូលព្រៃប្រមូលជ័រទឹក បេះផ្លែឈើ និងប្រមូលទឹកឃ្មុំ។
ការចេញរបាយការណ៍របស់សហគមន៍ជនជាតិដើមភាគតិចកួយនេះ ធ្វើឡើងបន្ទាប់ពីក្រសួងបរិស្ថាន កាលពីទី១០ឧសភា បានចេញបដិសេធចំពោះការផ្សាយរបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៩ឧសភា ដែលបានដកស្រង់សម្ដីសកម្មជនបរិស្ថានលោក ម៉ា ចិត្រា ជាអ្នកចុះសិក្សាផ្ទាល់ និងបានរកឃើញបទល្មើសបំផ្លាញព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ។ ក្រសួងបរិស្ថានចោទប្រកាន់ទាំងគ្មានមូលដ្ឋានថា នោះជាព័ត៌មានមិនពិត ញុះញង់ ដោយសារបានប្រើរូបភាពចាស់និងព័ត៌មានចាស់ ហើយក្រសួងថែមទាំងព្រមានចាត់វិធានការផ្លូវច្បាប់លើសកម្មជនបរិស្ថានទៅទៀត។
ទោះជាយ៉ាងណា ការបដិសេធរបស់ក្រសួងបរិស្ថាន បានទទួលរងការរិះគន់ ពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសពីក្រុមសកម្មជនបរិស្ថាន ដែលពួកគេលើកឡើងថា ក្រសួងកំពុងតែគេចវេះមិនព្រមទទួលស្គាល់ការពិត និងកំពុងតែបណ្ដែតបណ្ដោយឱ្យមានការបំផ្លាញព្រៃឈើ។
យុវជនជនជាតិដើមភាគតិចកួយលោក ខាក់ ភារិទ្ធម៉ាស៊ី ប្រាប់វិទ្យុអាស៊ីសេរីថា លោកសោកស្ដាយដែលក្រសួងបរិស្ថានចោទប្រកាន់លើសកម្មជនបរិស្ថានលោក ម៉ា ចិត្រា ពីបទញុះញង់ ទាំងដែលក្រសួងមិនទាន់បានចុះស្រាវជ្រាវរកពីមូលហេតុច្បាស់លាស់នៅឡើយ។ លោកបន្តថា ទង្វើនេះធ្វើឱ្យលោកកាន់តែគ្មានជំនឿលើការងាររបស់ក្រសួងបរិស្ថាន ក្នុងការការពារព្រៃឈើនៅដែនជម្រកសត្វព្រៃព្រះរការ។
ដើម្បីឱ្យតម្លាភាព មន្ត្រីបរិស្ថានគួរតែស៊ើបអង្កេតឱ្យច្បាស់ មុននឹងធ្វើសេចក្ដីសម្រេចចិត្តថា រាល់ការចោទប្រកាន់នរណាម្នាក់ យើងត្រូវតែស៊ើបឱ្យច្បាស់មុនសិន ដោយសារកុំឃើញគេ (លោក ម៉ា ចិត្រា) ផុស (លើហ្វេសប៊ុក) ភ្លាម ហើយចោទប្រកាន់គេភ្លាម ដោយអត់មានការស៊ើបអង្កេត។
— លោក ខាក់ ភារិទ្ធម៉ាស៊ី
ចំណែកអ្នកការពារបរិស្ថាន និងសិទ្ធិមនុស្ស លោក ម៉ា ចិត្រា លើកឡើងដែរថា របាយការណ៍ពីសហគមន៍ជនជាតិដើមភាគតិចកួយ ដែលរស់នៅក្បែរតំបន់ការពារព្រៃព្រះរការផ្ទាល់ គឺឆ្លុះបញ្ចាំងពីការពិត ហើយដូចអ្វីដែលលោកបានលើកឡើងពាក់ព័ន្ធនឹងបទល្មើសបំផ្លាញព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃមួយនេះ។ លោកស្នើឱ្យរដ្ឋាភិបាលឬក្រសួងបរិស្ថាន គួរតែបើកការស៊ើបអង្កេតរកការពិតពីមូលហេតុដែលមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន មិនបានបង្ក្រាបលើបទល្មើសព្រៃឈើ។
ការចោទប្រកាន់ខ្ញុំ ថាខ្ញុំបង្ហោះព័ត៌មានមិនពិត បង្ហោះព័ត៌មានញុះញង់ជាដើម ខ្ញុំថាជាលិខិតមួយ (លិខិតរបស់ក្រសួងបរិស្ថាន) ដែលគ្មានការទទួលខុសត្រូវ ហើយប្រសិនបើពួកគាត់មានការទទួលខុសត្រូវមែន គួរយកពេលសរសេរលិខិតនេះ ចុះទៅពិនិត្យមើលខ្លួនឯងផ្ទាល់ទៅ ហើយធ្វើរបាយការណ៍ទៅថ្នាក់លើទៅ ថាបញ្ហា នុ៎ង (បទល្មើសព្រៃឈើ) យ៉ាងម៉េច ហើយចាំគិតទៀត។ យើងធ្វើវីដេអូអីហើយ គាត់មិនទាន់ទាំងបានចុះទៅមើលផង គាត់ថាយើងធ្វើវីដេអូមិនពិត គាត់ឆ្លើយទាំងមិនមានការទទួលខុសត្រូវ។
— លោក ម៉ា ចិត្រា
លោក ម៉ា ចិត្រា បញ្ជាក់ថា រូបភាពបង្ហាញពីគល់ឈើជាច្រើនដើម ដែលត្រូវជនល្មើសអារផ្ដួលរំលំ ហើយលោកបានផ្ដល់មកឱ្យវិទ្យុអាស៊ីសេរីចុះផ្សាយកាលពីថ្ងៃទី៩ឧសភានោះ គឺរូបភាពដែលលោកបានថតនាពេលចុះល្បាតជាមួយសហគមន៍ជនជាតិដើមកាលពីសប្ដាហ៍មុន ហើយមានចុះលេខនិយាមកាលច្បាស់លាស់និងមិនមែនជារូបភាពចាស់ ឬព័ត៌មានចាស់ ដូចការចោទប្រកាន់ពីក្រសួងបរិស្ថាននោះទេ។
ពាក់ព័ន្ធបញ្ហានេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី (KDO) លោក ស៊ឹង សែនករុណា សង្កេតឃើញថា លោក ម៉ា ចិត្រា និងយុវជនមួយចំនួនទៀតបានលះបង់ពេលវេលាផ្ទាល់ខ្លួន ចូលរួមការពារព្រៃឈើដោយសុចរិតទៀងត្រង់ ដើម្បីកុំឱ្យព្រៃឈើដែលសេសសល់ចុងក្រោយ ត្រូវរងការបំផ្លិចបំផ្លាញ។ លោកបន្តថា ក្រសួងបរិស្ថានមិនគួរប្រើប្រាស់រូបភាពកំរាមគំហែងបំបាក់ស្មារតីលើក្រុមយុវជនទាំងនោះទេ។
អ៊ីចឹង គ្មានហេតុផលអ្វី ដែលប្អូន ម៉ា ចិត្រា រួមទាំងសកម្មជនសហគមន៍ផ្សេងទៀត ទៅប្រឌិតព័ត៌មាន ដើម្បីឱ្យមានបញ្ហាមកដល់ខ្លួននោះទេ គឺអ្វីៗទាំងអស់នោះកើតឡើង ដោយសារតែការព្រួយបារម្ភអំពីការបាត់បង់នូវធនធានធម្មជាតិទាំងនេះឯង។
— លោក ស៊ឹង សែនករុណា
ទិន្នន័យមួយ ចេញផ្សាយកាលពីខែមេសា ឆ្នាំ២០២៤ ដោយសាកលវិទ្យាល័យ ម៉ារីលែន (University of Maryland) របស់សហរដ្ឋអាមេរិក និងអង្គការឃ្លាំមើលព្រៃឈើសាកល (Global Forest Watch) បានរកឃើញថា ក្នុងឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជា បានបាត់បង់តំបន់ព្រៃឈើជាង ១សែន (១២១,០០០) ហិកតារ ដែលស្មើនឹងទំហំទីក្រុង ឡូស អែនជេឡេស (Los Angeles) មួយ។ ទិន្នន័យដដែលបន្តថា ព្រៃឈើទាំងនោះ ភាគច្រើនជាតំបន់ការពាររបស់ក្រសួងបរិស្ថាន ហើយក្នុងនោះជាង៤ម៉ឺន៨ពាន់ហិកតារ ជាតំបន់ព្រៃស្រោង។
សកម្មជនបរិស្ថាន និងសហគមន៍នៅព្រៃព្រះរការ បន្តអំពាវនាវឱ្យក្រសួងបរិស្ថាន គួរបើកទូលាយឡើងវិញ អនុញ្ញាតឱ្យសហគមន៍ សកម្មជន និងពលរដ្ឋទូទៅ អាចចូលរួមល្បាតការពារព្រៃឈើឡើងវិញ ហើយឈប់ចាត់ទុក ក្រុមពលរដ្ឋជាក្រុមខុសច្បាប់តទៅទៀត ទើបអាចកាត់បន្ថយការកាប់បំផ្លាញព្រៃឈើនៅពេលនេះបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។