ស្ត្រី​មេម៉ាយ ផាវ ញ៉ើង នឹង​មិន​បោះបង់​ការ​តស៊ូ​ការពារ​សិទ្ធិ​ដី​ធ្លី បើ​ទោះ​ជា​ត្រូវ​អាជ្ញាធរ​ប្រើ​តុលាការ​ជា​អាវុធ​ធ្វើ​ទុក្ខបុកម្នេញ​ដល់​អាយុ​ជីវិត

0:00 / 0:00

ស្ត្រី​មេម៉ាយ ផាវ ញ៉ើង ជួប​ការ​លំបាក​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ឆ្នាំ២០២៣​ នេះ គឺ​លោកស្រី​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ ជាមួយ​កូន​តូច​អាយុ​មួយ​ខួប ទាំង​ដែល​លោកស្រី​មិន​ទាន់​សះស្បើយ​ពី​ជំងឺ​ក្រោយ​ការវះកាត់ រួម​ទាំង​ជំងឺ​ប្រចាំ​កាយ​ច្រើន​មុខ បើ​ទោះ​បី​ជា​លោកស្រី​មិន​បាន​ប្រព្រឹត្ត​កំហុស ដូច​ការ​ចោទ​ប្រកាន់​ក៏​ដោយ។

ករណី​នេះ​ជា​ឧទាហរណ៍​មួយ​ទៀត ដែល​អាជ្ញាធរ និង​តុលាការ​យក​តួនាទី​ធ្វើ​ជា​អាវុធ​ធ្វើ​ទារុណកម្ម​ផ្លូវកាយ និង​ផ្លូវ​ចិត្ត ដើម្បី​តែ​រារាំង​ស្ត្រី​រងគ្រោះ​ពី​ការរំលោភ​ដីធ្លី​ពី​អ្នកមាន​លុយ មាន​អំណាច ឱ្យ​ឈប់​តវ៉ា​ការពារ​ដីធ្លី។

តែ​ទោះ​ជា​យ៉ាងណា ស្ត្រី​មេម៉ាយ ផាវ ញ៉ើង នឹង​មិន​បោះបង់​ការ​តវ៉ា ដោយ​សង្ឃឹម​ថា ​នឹង​មាន​ដំណោះស្រាយ​ដីធ្លី បើ​ទោះ​បី​ជា​ត្រូវ​តស៊ូ​ដល់​ជីវិត​ចុង​ក្រោយ​ក៏​ដោយ ដ្បិត​លោកស្រី​ជឿជាក់​ថា ​ដី​គឺ​ជា​ជីវិត គ្មាន​ដី​គឺ​ស្មើ​នឹង​លោកស្រី​គ្មាន​ជីវិត​រួច​ទៅ​ហើយ។

ស្ត្រី​មាន​កូន​តូច​តែង​មាន​បន្ទុក និង​ការ​លំបាក​ខុស​ពី​មនុស្ស​ទូទៅ ដែល​ខ្លួន​មួយ ប៉ុន្តែ​ការ​លំបាក​នោះ​នឹង​កើន​ឡើង​កាន់​តែ​ខ្លាំង នៅ​ពេល ដែល​ទាំង​ម្ដាយ​ទាំង​កូន​ត្រូវ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ដែល​ចង្អៀត​ណែន។

លោកស្រី ផាវ ញ៉ើង រៀបរាប់​ទាំង​ឈឺ​ចាប់​ ថា​អាជ្ញាធរ និង​តុលាការ​ប៉ុនប៉ង​ផ្ដាច់​ផ្ដិល​ជីវិត​លោកស្រី និង​កូន​តូច ដែល​មិន​ទាន់​ដឹង​ក្ដី។

លោកស្រី ផាវ ញ៉ើង៖«តុលាការ​ខេត្ត​កោះកុង គឺ​អត់​មាន​បាន​ការពារ​ រក​យុត្តិធម៌​ឱ្យ​ខ្ញុំ​ទេ។ មាន​តែ​ចេញ​ដីកា​ឃុំខ្លួន​ខ្ញុំ​បន្ថែម​ទៀត។ ខ្ញុំ​ទាំង​ឈឺ ទាំង​កូន​តូច គឺ​ពួក​គាត់​ចង់​សម្លាប់​ខ្ញុំ ដោយ​ស្រប​ច្បាប់»។

ក្នុង​វ័យ​៤៨​ឆ្នាំ លោកស្រី ផាវ ញ៉ើង ដែល​ជា​ជន​រងគ្រោះ​ពី​ការ​រំលោភ​យក​ដីធ្លី និង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ​បាន​ក្លាយ​​ជា​អ្នកទោស​ទៅ​វិញក្រោម​បទ​ចោទ​ប្រកាន់​ដ៏​ពេញ​និយម​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​តុលាការ​កម្ពុជា​ក្នុង​សម័យ​អរគុណ​សន្តិភាព​នេះ ​គឺ​បទ​បរិហារកេរ្តិ៍ និង​ញុះញង់ ដោយសារ​តែ​អ្នកស្រី​ចេញ​មុខ​តវ៉ា​រឿង​ដីធ្លី។ តុលាការ​ កាត់​ឱ្យ​លោកស្រី​ជាប់​ពន្ធនាគារ ១ឆ្នាំ និង​សង​ជំងឺ​ចិត្ត​​ចំនួន ​៤០លានរៀន ឬ​ជិត​១ម៉ឺន​ដុល្លារ (៩.៦០០) គូភាគី​ជម្លោះ លោក ហេង ហ៊ុយ ដែល​អ្នក​សហគមន៍​អះអាង​ថា​ជា​អ្នក​រំលោភ​ដីធ្លី​ពលរដ្ឋ។

អាជ្ញាធរ​បាន​ចាប់​ខ្លួន​លោកស្រី និង​កូន​តូច កាល​ពី​ថ្ងៃទី២៩ ខែ​មិថុនា ឆ្នាំ២០២៣នេះ នៅ​ពេល​ក្រុម​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ក្នុង​ខេត្ត​កោះកុង​នាំគ្នា​ធ្វើ​ដំណើរ​ទៅ​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី ក្រសួង​យុត្តិធម៌ លោក កើត ឫទ្ធិ ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​តំណាង​សហគមន៍​ចំនួន៣០នាក់ ដែល​ជាប់​បណ្ដឹង​នៅ​តុលាការ ដោយសារ​បញ្ហា​ដីធ្លី។

ក្នុង​បន្ទប់​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កោះកុង លោកស្រី​អាណិត​កូន​តូច ដែល​មិន​ទាន់​ដឹង​ក្ដី​ផង បែរ​ជា​បាត់បង់​សេរីភាព និង​ជួប​ការ​លំបាក​សព្វ​បែបយ៉ាង​ជាមួយ​ម្ដាយ។

លោកស្រី ផាវ ញ៉ើង៖«អាណិត​គាត់​ណាស់។ ពេល​គេ​អត់​បើក​ទ្វារ ពេល​គេ​ចាក់​សោ​ទៅ គឺ​គាត់​នៅ​អង្គុយ​នៅ​ហ្នឹង​អា​ចម្រឹង​ដែក​ទ្វារ​ហ្នឹង ដែល​គេ​ទុក​ប្រហោងៗ ដូច​បង្កាន់ដៃ​ហ្នឹង គឺ​គាត់​នៅ​ឈរ​តោង ហើយ​ស្រែក​ហៅ​គេ​ហៅ​ឯង។ ក្នុង​អារម្មណ៍​ខ្ញុំ ពេល​នោះ​ខ្ញុំ​គិត​ថា ហេតុ​អី​បាន​ជា​កូន​ហ្នឹង​ត្រូវ​បាន​ពិបាក​វេទនា​ម៉្លេះ?ហើយ​កូន​នេះ​ដែរ ក៏​មិន​មែន​កូន​បង្កើត​ខ្ញុំ​ទេ គឺ​កូន​ដែល​គេ​លែងលះ​គ្នា ហើយ​គេ​បោះបង់​គាត់​ចោល ហើយ​ខ្ញុំ​សុំ​គេ​យក​ទៅ​ចិញ្ចឹម​ទេ»។

លោកស្រី​ដឹង​ថា នៅ​ទី​នោះ​កូន​តូច​ពិបាក​លូតលាស់​ទាំង​រាងកាយ និង​បញ្ញា​ស្មារតី ហើយ​ថែម​ទាំង​ឈឺ​ញឹកញាប់ ដោយសារ​កន្លែង​ស្នាក់​នៅ​តូច​ចង្អៀត មិន​មាន​អនាម័យ។ ក្នុង​រយៈ​ពេល​ជិត ១០០ថ្ងៃ​ក្នុង​ពន្ធនាគារ លោកស្រី​ដឹង​ច្បាស់​ទៀត​ថា នឹង​មិន​អាច​មាន​ជីវិត​ចេញ​មក​វិញ​ឡើយ ប្រសិន​បើ​លោកស្រី និង​កូន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់។

លោកស្រី ផាវ ញ៉ើង៖«ពិបាក​ខ្លាំង​ណាស់ បើ​និយាយ​ទៅ​វា​មិន​ដឹង​ថា​ទៅ​ប្រៀបធៀប​នឹង​អី គឺ​អារម្មណ៍​យើង​គិត​ថា​បើ​សិន​ឈឺ​ធ្ងន់​មាន​តែ​ស្លាប់​ប៉ុណ្ណឹង​ទេ មួយ​មុខ​គត់។ ហ្នឹង​ជា​គំនិត​របស់​ខ្ញុំ​ទេ​ណា។ ខ្ញុំ​អត់​ដឹង​ថា​ពេទ្យ​ហ្នឹង គាត់​មាន​សមត្ថភាព មាន​លទ្ធភាព​យ៉ាងម៉េច​ខ្ញុំ​អត់​ដឹង​ទេ»។

លោកស្រី​ក៏​បាន​ឃើញ​ក្មេង​តូចៗ ជិត ១០នាក់​ផ្សេង​ទៀត ក៏​តាម​ម្ដាយ​ជាប់​នៅ​ក្នុង​ពន្ធនាគារ ក្នុង​នោះ​ក៏​មាន​កូន​តូច​អាយុ ៩ខែ​ម្នាក់​ដែរ។

លោក​ស្រី​ថា អ្វី​ដែល​ជា​ក្ដី​បារម្ភ​ដែរ​នោះ​គឺ​ក្មេងៗ ដែល​ដឹង​សេចក្ដី​ខ្លះ​អាច​នឹង​ចម្លង​គំរូ​មិន​ល្អ​ពី​អ្នក​ជាប់​ឃុំ​ខ្លះ ដែល​ជា​ឧក្រិដ្ឋជន។

របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ឱ្យ​ដឹង​ថា​ក្នុង​ឆ្នាំ២០២២ មាន​កុមារ​ចំនួន ១០២នាក់ ជាប់​ឃុំ​ជាមួយ​ម្ដាយ និង​មាន​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ២៦នាក់។ ចំណែក​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​រក​ឃើញ​ថា ត្រឹម​ខែ​មេសា​ឆ្នាំ២០២៣ មាន​កុមារ​តូច​យ៉ាងតិច ៨២នាក់ កំពុង​រស់​នៅ​ជាមួយ​ម្ដាយ និង​មាន​ទារក​ចំនួន ៣០នាក់​ផ្សេង​ទៀត កំពុង​នៅ​ក្នុង​ផ្ទៃ​ម្ដាយ ដែល​កំពុង​ជាប់​ឃុំ។ នៅ​ក្នុង​ស្ថានភាព​ពន្ធនាគារ ដែល​ចង្អៀត​ណែន​ខ្លាំង​កុមារ​ពុំ​មាន​កន្លែង​ដេក​សមរម្យ ខ្វះ​អនាម័យ ខ្វះ​អាហារ និង​ខ្វះ​ទឹក។ រីឯ​ការ​ថែទាំ​សុខភាព និង​អាហារូបត្ថម្ភ​វិញ គឺ​មិន​គ្រប់គ្រាន់ មិន​ស្មើ​ភាព​គ្នា ដែល​អាច​នឹង​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទាំង​ម្ដាយ​ទាំង​កូន។

កាល​ពី​ឆ្នាំ២០២០ ទារក​អាយុ ៥ខែ​ម្នាក់​បាន​ស្លាប់​ក្រោយ​មាន​ជំងឺ​រលាក​សួត​ក្នុង​ពន្ធនាគារ ហើយ​គ្រូពេទ្យ​នៅ​ខាង​ក្រៅ​ពន្ធនាគារ​មិន​អាច​សង្គ្រោះ​បាន។ អង្គការ​លីកាដូ​រក​ឃើញ​ថា ទារក​រងគ្រោះ​បាន​ធ្លាក់​ខ្លួន​ឈឺ​នៅ​ក្រោយ​មាន​របួស​បាក់​ឆ្អឹង​ភ្លៅ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត សំណូមពរ​ថា តុលាការ​គួរ​តែ​ពិចារណា​ឱ្យ​បាន​ដិត​ដល់​មុន​ពេល​សម្រេច​ឃុំខ្លួន​ស្ត្រី​មាន​កូន​តូច ឬ​គួរ​តែ​ដាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដើម្បី​កាត់​បន្ថយ​ករណី​ឃុំ​ខ្លួន​កុមារ​ទៅ​ជាមួយ​ម្ដាយ។

ជា​ញឹកញយ​មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធនាគារ​តែង​អះអាង​ដដែលៗ ថា បាន​កែ​លម្អ​ស្ថានភាព​ក្នុង​ពន្ធនាគារ​បណ្ដើរៗ ហើយ។ លើស​ពី​នេះ​មន្ត្រី​ក៏​អះអាង​ដែរ​ថា ស្ថានភាព​ពន្ធនាគារ​នៅ​កម្ពុជា​ប្រសើរ​ជាង​នៅ​តាម​ប្រទេស​មួយ​ចំនួន​រួច​ទៅ​ហើយ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី របាយការណ៍​ក្រសួង​ការ​បរទេស​អាមេរិក​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ប្រចាំ​ឆ្នាំ២០២២ បារម្ភ​ពី​ស្ថានភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​នៅ​តែ​បន្ត ក្នុង​នោះ​ក្នុង​ពន្ធនាគារ​ចំនួន២៨ នៅ​ទូទាំង​ប្រទេស មាន​អ្នក​ជាប់ឃុំ​រហូត​ដល់​ជិត ៤ម៉ឺន​នាក់ ដែល​ទីតាំង​ទាំង​នោះ​ធ្វើ​ឡើង ដើម្បី​អាច​ដាក់​អ្នក​ជាប់​ឃុំ​តែ​ជាង ១ម៉ឺន​នាក់។ ពន្ធនាគារ​នៅ​ក្នុង​ខេត្ត​កណ្ដាល និង​ខេត្ត​កំពត​មាន​សភាព​ចង្អៀត​ណែន​ខ្លាំង​ជាង​ពន្ធនាគារ​ផ្សេង​ទៀត គឺ​បាន​ផ្ទុក​មនុស្ស​លើស​ចំនួន​ដល់​ទៅ ៤០០​ភាគរយ។ ជាមួយ​គ្នា​នេះ របាយការណ៍​ឱ្យ​ដឹង​ដែរ​ថា អ្នក​ជាប់​ពន្ធនាគារ​ប្រឈម​នឹង​ខ្វះខាត​របប​អាហារ និង​សម្ភារៈ​ចាំបាច់។ អ្នក​ជាប់​ឃុំ​ជា​ញឹកញយ​ពឹង​ផ្អែក​លើ​អាហារ ដែល​គ្រួសារ​បញ្ជូន​ទៅ​ឱ្យ និង​អ្នកខ្លះ​អះអាង​ថា​បាន​ចង​ការ​លុយ​មន្ត្រី​ពន្ធនាគារ ដើម្បី​ទិញ​អាហារ។

ស្ថានភាព​ទាំង​នេះ​ហើយ ដែល លោកស្រី ផាវ ញ៉ើង និង​កូន​បាន​ជួប​ប្រទះ​ក្នុង​ពេល​ជាប់​ពន្ធនាគារ។ លោកស្រី​ថា​មនុស្ស​មាន​សុខភាព​ធម្មតា​ម្នាក់​នៅ​ពេល​ជាប់​ពន្ធនាគារ​ក៏​នឹង​ក្លាយ​ជា​អ្នក​ជំងឺ​ដោយ​ចៀស​មិន​រួច ចុះ​ទម្រាំ​លោកស្រី​ទើប​វះកាត់​រួច មាន​ជំងឺ​ប្រចាំ​កាយ​ច្រើន​មុខ និង​ត្រូវ​លេប​ថ្នាំ​ព្យាបាល​ជំងឺ​ផ្លូវចិត្ត​ជា​រៀង​រាល់​ថ្ងៃ​ផង​នោះ។

លោកស្រី ផាវ ញ៉ើង៖«តាំង​ពី​កន្លែង​ដេក​តាំង​ពី​កន្លែង​ហូបចុក​អី​ហ្នឹង គឺ​យើង​ប្រឈម​ហានិភ័យ នឹង​ឆ្លង​ជំងឺ​ផ្សេងៗ ជាង​គេ​ដោយសារ​តែ​មាន​កូន​តូច ទើប​តែ​វះកាត់ ថ្នាំ​ក៏​អត់​គ្រប់គ្រាន់»។

សំណុំ​រឿង​មិនមែន​គ្រាន់​តែ​ជា​ទារុណ​លើ​រូប​លោកស្រី​ទេ កូន​តូចៗ របស់​លោកស្រី​នៅ​ខាង​ក្រៅ​ពន្ធនាគារ​វិញ​ក៏​រង​ទារុណកម្ម​ដែរ។ ក្មេងៗ កំព្រា​ឪពុក​ទាំង​នេះ​បាត់បង់​ភាព​កក់ក្ដៅ​ពី​ម្ដាយ និង​ត្រូវ​បង្ខំ​ចិត្ត​ចេញ​តវ៉ា​ឱ្យ​អាជ្ញាធរ​ដោះលែង​ម្ដាយ។ ពួកគេ​ទួញ​យំ​នឹក​ម្ដាយ និង​ម្យ៉ាង​ក៏​អាណិត​ម្ដាយ និង​ប្អូន​ប្រុស ដែល​ជាប់​ឃុំ​ទាំង​អយុត្តិធម៌។

លោកស្រី ផាវ ញ៉ើង៖«ខ្ញុំ​បាត់បង់​ភាព​កក់ក្ដៅ ហើយ​នឹង​អត់​បាន​រៀន ខ្ញុំ​នឹក​ម៉ាក់​ខ្ញុំ។ ខ្ញុំ​ចង់​បាន​ដូច​គ្រួសារ​គេ​ជួបជុំ​គ្នា។ ខ្ញុំ​ចង់​ជួប​ម៉ាក់​ឱ្យ ឱ្យ​គេ​ដោះលែង​ម៉ាក់​មក​ក្រៅ។ ខ្ញុំ​ចង់​ជួប​ម៉ាក់​ខ្ញុំ»។

ទុក្ខសោក​ព្រាត់ប្រាស​គ្នា​របស់​ម្ដាយ និង​កូន​ស្ត្រី​តស៊ូ​ការពារ​ដីធ្លី​រូប​នេះ​បាន​រសាយ​វិញ​បន្តិច នៅ​ពេល​សាលាឧទ្ធរណ៍​សម្រេច​ឱ្យ​លោកស្រី​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន កាល​ពី​ដើម​ខែតុលា។

តំណាង​សហគមន៍​មាន​ទំនាស់​ដីធ្លី​នៅ​ខេត្ត​កោះកុង​ចំនួន ៩នាក់ រួម​នឹង​លោកស្រី ផាវ ញ៉ើង ផង​បាន​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​បទ​ចោទ​ប្រកាន់​លើ​ពួកគេ​មិន​បាន​ផុត​រលត់​ទេ ពោល​គឺ ទោស​ជាប់​ពន្ធនាគារ​នេះ នៅ​តែ​អន្ទោល​តាម​ប្រាណ​ពួកគេ​ជាប់​ជានិច្ច។

ចំណែក​ដំណោះស្រាយ​ដីធ្លី​សម្រាប់​ពួកគេ​ក៏​មិន​ដឹង​ថា​ពេល​ណា​នឹង​ទទួល​បាន​ដែរ។ គ្រួសារ​លោកស្រី ផាវ ញ៉ើង មិន​ខុស​ពី​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ទៀត​ដែរ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចំនួន២ ដែល​ចូល​ទៅ​អភិវឌ្ឍន៍ និង​ដាំ​អំពៅ​នៅ​ក្នុង​ខេត្តកោះកុង គឺ​ក្រុមហ៊ុន​ចិន យូញៀន ឌីវេលឡុបមិន (Union Development Group) និង​ក្រុមហ៊ុន​របស់​លោក ហេង ហ៊ុយ ម្ចាស់​ក្រុមហ៊ុន ហេងហ៊ុយ អាហ្គ្រីខលឈ័រ (Heng Huy Agriculture Group) តាំង​ពី​ឆ្នាំ២០០៧។ ពលរដ្ឋ​តែង​នាំ​គ្នា​ទៅ​ដាក់​បណ្ដឹង​នៅ​ក្រសួង​រៀបចំ​ដែនដី និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ តែ​មិន​ទទួល​បាន​ដំណោះស្រាយ​ទេ។

ទោះ​ជា​ទុក្ខ​លំបាក និង​ការឈឺចាប់​បាន​កើន​ឡើង​ទ្វេ​ដង នៅ​ក្នុង​ពេល​លោកស្រី​ជាប់​ពន្ធនាគារ​ក្ដី ក៏​លោកស្រី ផាវ ញ៉ើង មិន​ព្រម​បោះបង់​ឆន្ទៈ​តស៊ូ ដើម្បី​ដីធ្លី​របស់​លោកស្រី និង​សហគមន៍​ដែរ។

លោកស្រី ផាវ ញ៉ើង៖«រឹតតែ​បង្កើន​នូវ​ការ​ឈឺ​ចាប់ ខ្ញុំ​កាន់តែ​ខ្លាំង ញុះញង់​ផ្លូវ​ចិត្ត​ខ្ញុំ​ឱ្យ​ខ្ញុំ​ទៅ​ជា​មនុស្ស ដែល​ហ៊ាន​លះបង់​ដល់អាយុ​ជីវិត ឯណោះ។ មិន​អាច​ថា​មក​គំរាម​កំហែង​ឱ្យ​ឈប់​ ដាក់គុក​អ៊ីចឹង​ទៅ​ឱ្យ​រាងចាល ឱ្យ​អី​ គឺ​អត់​ទេ។ ទោះ​បី​ជា​ខ្ញុំ​ជួប​ពិបាក​ដូច​ចុះ​ឋាននរក ១៨ជាន់ដូច្នេះ​ក៏​ដោយ ក៏​ខ្ញុំ​រឹតតែ​ឈឺ​ចាប់»។

ការ​តស៊ូ​មិន​ព្រម​ចុះញ៉ម​នេះ ក៏​ព្រោះ​តែ លោកស្រី ផាវ ញ៉ើង តែងតែ​ទន្ទិញ​ជាប់​ក្នុង​គំនិត​របស់​លោកស្រី ដី​គឺ​ជា​ជីវិត គ្មាន​ដី​គឺ​គ្មាន​ជីវិត​សម្រាប់​លោកស្រី និង​កូនៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។