តុលាការសម្រេចដកហូតសិទ្ធិធ្វើនយោបាយមួយជីវិតពីលោក រ៉ុង ឈុន និងផ្ដន្ទាទោស៤ឆ្នាំ

អ្នកការពារសិទ្ធិមនុស្សរិះគន់ថា តុលាការក្រុងភ្នំពេញគឺស្ថិតក្រោមឥទ្ធិពលបក្សកាន់អំណាច ដោយបានបិទសិទ្ធិមិនឱ្យលោក រ៉ុង ឈុន អាចធ្វើនយោបាយអស់មួយជីវិត ព្រោះបក្សកាន់អំណាច ខ្លាចប្រជាប្រិយភាពរបស់លោក រ៉ុង ឈុន។

លោក រ៉ុង ឈុន បាន​ចាត់​ទុក​សាលក្រម​របស់​តុលាការ​នៅ​ពេល​នេះ​ថា ជារឿង​នយោបាយ និង​មិន​មែន​ជា​ការ​អនុវត្ត​ច្បាប់​ឡើយ។ លោក​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី០៥ ខែឧសភា​ថា ជារឿង​ធម្មតា ដែល​លោក​តែងតែ​ចុះ​ជួប​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​រង​ទុក្ខ​បញ្ហា​ដីធ្លី ផ្ដល់​សម្ភាសន៍​ដល់​អ្នកសារព័ត៌មាន ផ្ញើ​សារនយោបាយ​ទៅ​កាន់​អ្នក​គាំទ្រ រួម​ទាំង​ចូលរួម​ការ​បើក​ទីស្នាក់ការ​គណបក្ស​ជាដើម។

បើ​យើង​ពិនិត្យ​ទៅ​វា​មិន​មែន​ជា​រឿង​អនុវត្ត​ច្បាប់​អី​ណា​ទេ វា​ជា​រឿង​នយោបាយ​ច្រើន​ជាង បើ​មតិ​ជាតិ​និង​អន្តរជាតិ​ក៏​គេ​វាយ​តម្លៃ​ដែរ​ថា ជា​រឿង​នយោបាយ​ច្រើនជាង។ ខ្ញុំ​គិត​ថា បើ​យើង​នៅ​តែ​បន្ត​រូបភាព​ហ្នឹង វា​មាន​តែ​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ផលប្រយោជន៍​ជាតិ និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ អត់​មាន​ចំណេញ​អី​ទេ។ យើង​មាន​តែ​នាំគ្នា​អនុវត្ត​ទៅ​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ឱ្យ​បាន​ច្រើន ហើយ​ប្រកួតប្រជែង​គ្នា​តាម​ការ​បោះឆ្នោត វា​ជា​ការ​ប្រសើរ។

—  លោក រ៉ុង ឈុន

តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៥ ខែ​ឧសភា បាន​សម្រេច​ឱ្យ​លោក រ៉ុង ឈុន ជាប់​ពន្ធនាគារ​រយៈពេល​៤​ឆ្នាំ ពិន័យ​ប្រាក់​៤​លាន​រៀនល និង​ដក​សិទ្ធិ​នយោបាយ​ជាស្ថាពរ ពាក់ព័ន្ធ​ការ​ចោទ​ប្រកាន់​ពី​បទ «មិនរាងចាល» ក្នុង​សំណុំ​រឿង «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ដោយសារ​លោក​បាន​ធ្វើ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម។

តុលាការ​បាន​យក​បទ​សម្ភាសន៍​របស់​លោក រ៉ុង ឈុន ជាមួយ​វិទ្យុអាស៊ីសេរី ដែល​លើកឡើង​ពាក់ព័ន្ធ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះ​ពិនិត្យ​តាម​បង្គោល​ព្រំដែន​កាល​ពី​ខែ​សីហា ឆ្នាំ២០២៤ និង​សកម្មភាព​របស់​លោក ដែល​ចុះ​ជួប​ជាមួយ​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​បឹង​តាមោក ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ពី​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​ក្នុង​ខេត្ត​កណ្ដាល និង​ការ​សម្ពោធ​បើក​ទីស្ដីការ​គណបក្ស​កម្លាំងជាតិ ធ្វើ​ជា​អង្គហេតុ​ចោទប្រកាន់​ពី​បទ​មិន​រាងចាល​នេះ។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក រ៉ុង ឈុន គឺ​លោក ជួង ជូងី បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៥ ខែ​ឧសភា​ថា តុលាការ​ដក​សិទ្ធិ​ពលរដ្ឋ​ពី​លោក រ៉ុង ឈុន ជា​ស្ថាពរ​នេះ គឺ​មាន​ន័យ​ថា តុលាការ​ហាម​ឃាត់​មិន​លោក រ៉ុង ឈុន ឈរ​ឈ្មោះ​បោះឆ្នោត និង​មាន​សិទ្ធិ​បោះឆ្នោត​អស់​មួយ​ជីវិត។ លោក​មេធាវី​ថា លោក​នឹង​ទៅ​ជជែក​ជាមួយ​លោក រ៉ុង ឈុន ដើម្បី​ប្ដឹង​ទាស់​ការ​សម្រេច​នេះ​ទៅ​កាន់​សាលាឧទ្ធរណ៍។

តុលាការ​មិន​បាន​សម្រេច​ពាក់ព័ន្ធ​នឹង​រឿង​ហ្នឹង (​ការ​ចាប់​ខ្លួន​) ទេ​។ គាត់ (លោក រ៉ុង ឈុន) អាច​ធ្វើ​សកម្មភាព​ជា​ធម្មតា គាត់​អាច​ប្រើ​សិទ្ធិ​ប្ដឹង​ឧទ្ធរណ៍​បន្ត​ទៀត​បាន។

—  លោក ជួង ជូងី

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី (KDO) លោក ស៊ឹង សែនករុណា បាន​រិះគន់​ថា តុលាការ​សព្វថ្ងៃ​ជា​ឧបករណ៍​របស់​បក្ស​កាន់​អំណាច ដូច្នេះ ការ​សម្រេច​របស់​តុលាការ​មិន​បាន​ឈរ​លើ​អង្គហេតុ និង​អង្គ​ច្បាប់​ឡើយ។ លោក​យល់​ថា គណបក្ស​កាន់​អំណាច​ខ្លាច​ប្រជាប្រិយភាព​លោក រ៉ុង ឈុន ទើប​រារាំង​មិន​ឱ្យ​លោក​អាច​ដឹកនាំ​គណបក្ស​កម្លាំង​ជាតិ និង​ធ្វើ​ទុក្ខបុកម្នេញ​លើ​លោក រ៉ុង ឈុន ឥត​ស្រាកស្រាន្ត។

មាន​ន័យ​ថា គណបក្ស​កាន់​អំណាច​ហាក់​ដូច​ជា​ភ័យ​ខ្លាច​នូវ​ប្រជាប្រិយភាព​របស់​លោក រ៉ុង ឈុន ហ្នឹង​ឯង ដែល​កាន់​តែ​មាន​ការ​គាំទ្រ មាន​ការ​ចូលរួម​កាន់​តែ​ច្រើន។ អ៊ីចឹង មាន​តែ​ដំណើរការ​សំណុំ​រឿង​ថ្មី ហើយ​បញ្ចប់​នូវ​ជីវភាព ឬ​ក៏​សកម្មភាព​នយោបាយ​របស់​លោក រ៉ុង ឈុន។

—  លោក ស៊ឹង សែនករុណា

លោក រ៉ុង ឈុន ដែល​ប្រឈម​លែង​អាច​មាន​សិទ្ធិ​ធ្វើ​នយោបាយ​នៅ​ពេល​នេះ ក៏​ប្រឈម​នឹង​គ្មាន​ផ្ទះ​ជ្រកកោន​ដែរ។ ដីកា​របស់​តុលាការ​ក្រុង​ភ្នំពេញ ដែល​លោក រ៉ុង ឈុន បាន​ទទួល​កាល​ពី​ថ្ងៃ​ទី​២៣​ខែ​មេសា បាន​បង្ខំ​ឱ្យ​លោក​លក់​ផ្ទះ​ដើម្បី​យក​ប្រាក់​សង​ទៅ​ដើម​បណ្ដឹង ដែល​ជា​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ចំនួន​៤០០​លាន​រៀល​ឬ​១​សែន​ដុល្លារ។

ទាក់ទង​រឿង​នេះ​វិទ្យុអាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា លោក សុខ ឥសាន បាន​ទេ នៅ​ថ្ងៃ​ទី​០៥ ខែ​ឧសភា។ ទោះយ៉ាងណាង កាល​ពី​ពេល​ថ្មី​ៗ​នេះ លោក​បាន​អះអាង​ជំនួស​តុលាការ​ថា តុលាការ​សម្រេច​ក្ដី​មិន​ស្ថិត​ក្រោម​សម្ពាធ​នយោបាយ ប៉ុន្តែ​តុលាការ​ចោទប្រកាន់​ដោយ​ផ្អែក​លើ​ទង្វើ​របស់​លោក រ៉ុង ឈុន។

មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក លោក យី សុខសាន្ត ដែល​ចុះ​ឃ្លាំមើល​នៅ​ខាង​ក្រៅ​តុលាការ​បាន​លើកឡើង​ដែរ​ថា ការ​បង្ខំ​ឱ្យ​លោក រ៉ុង ឈុន លក់​ផ្ទះ ហើយ​មក​ដក​សិទ្ធិ​មិន​ឱ្យ​លោក​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត​នេះ ជា​អំពើ​អមនុស្សធម៌។ លោក​បាន​បន្ត​ទៀត​ថា បញ្ហា​នេះ​នឹង​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​មើលឃើញ​ថា លំហ​សេរីភាពនិង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា កាន់​តែ​ធ្លាក់ចុះ។

ខ្ញុំ​យល់​ថា ការ​ធ្វើ​របៀប​នេះ វា​មិន​បាន​ផល​អ្វី ប្រសើរ​ទេ។ យើង​មើល​ឃើញ​កន្លង​មក ការ​ចាប់​អ្នក​នយោបាយ ចាប់​អ្នក​ធ្វើ​ការងារ​សង្គម វា​ជះ​ឥទ្ធិពល​ដល់​សហគមន៍​អឺរ៉ុប​ផ្ដាច់ EBA ហើយ​អាមេរិក GSP។ នេះ​ជា​ហេតុផល​ដែល​រដ្ឋាភិបាល គួរ​តែ​ពិចារណា​។

—  លោក យី សុខសាន្ត

លោក រ៉ុង ឈុន ធ្លាប់​បាន​ជាប់​ពន្ធនាគារ​រយៈពេល​ជាង​១៥​ខែ កាល​ពី​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ បន្ទាប់​ពី​តុលាការ​បាន​ផ្ដន្ទាទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ​ពី​បទ​«​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្ដិសុខ​សង្គម​» ពាក់ព័ន្ធ​នឹង​លោក​បាន​ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន និង​បាន​ជួប​ប្រជាកសិករ​ដែល​អះអាង​ថា បាន​បាត់បង់​ដី​ស្រែ​ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កក្កដា​ឆ្នាំ២០២០ នៅ​ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ។ លោក ក៏​ធ្លាប់​ជាប់​ពន្ធនាគារ​ពាក់ព័ន្ធ​រឿង​ព្រំដែន​ម្ដង​មុន​រួច​ហើយ​ដែរ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០០៥ តែ​លោក​ជាប់​ពន្ធនាគារ​បាន​ជាង​៣ខែ ត្រូវ​បាន​រដ្ឋាភិបាល​ដោះលែង​វិញ ក្រោយ​ពេល​មាន​ប្រតិកម្ម​ពី​ប្រជាពលរដ្ឋ អង្គការជាតិ និង​អន្តរជាតិ។

បើទោះជាលោក រ៉ុង ឈុន រង​ការ​ចោទ​ប្រកាន់​ជា​បន្តបន្ទាប់​ក្ដី តែ​ឆន្ទៈ​របស់​លោក​នៅ​ដដែល។ លោក​ក៏​បាន​ផ្ដាំផ្ញើ​ទៅ​អ្នក​គាំទ្រ​គណបក្ស​កម្លាំង​ជាតិ កុំ​ឱ្យ​បាក់​ទឹកចិត្ត ហើយ​ត្រូវ​រឹងមាំ ដើម្បី​ឆ្ពោះ​ទៅ​គោលដៅ​គឺ​ការ​បោះឆ្នោត​ឆ្នាំ​២០២៧ និង​ឆ្នាំ​២០២៨ ខាង​មុខ។

លោក ស៊ឹង សែន ករុណា ថា​ប្រសិន​មាន​ការ​រៀបចំ​ការ​បោះឆ្នោត​ប្រកប​ដោយ​តម្លាភាព និង​គ្មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​លោក រ៉ុង ឈុន ទេ គណបក្ស​កម្លាំង​ជាតិ​ដែល​មាន​លោក រ៉ុង ឈុន ជា​មេដឹកនាំ គណបក្ស​នេះ​នឹង​ក្លាយ​ជា​បក្ស​ប្រឆាំង​លេចធ្លោ​មួយ​ដែល​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​ភ្ល្លូក​ទឹក​ភ្លូក​ដី​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។