លោក រ៉ុង ឈុន បានលើកឡើងថា បើទោះជាដឹងថា លោកមិនអាចទទួលបានយុត្តិធម៌នៅពេលខាងមុខក្ដី ក៏លោកនឹងបន្តប្ដឹងទៅតុលាការកំពូលទៀត ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយពេញលេញឡើងវិញ។ លោកបន្តថា លោកនឹងបន្តរុញនិតីវិធិតាមផ្លូវច្បាប់ រហូតទាល់តែតុលាការគ្រប់ជាន់ថ្នាក់ ឈរលើភាពឯករាជ្យ និងវិជ្ជាជីវៈ ដើម្បីជួយការពារយុត្តិធម៌ឱ្យពលរដ្ឋទន់ខ្សោយនៅក្នុងសង្គម។
បើយើងទុកចោល (មិនដើរតាមនីតិវិធីផ្លូវច្បាប់) តុលាការនៅតែអ៊ីចឹងដដែល ហើយបងប្អូនប្រជាពលរដ្ឋទាំងអស់ យើងត្រូវតែរឹងមាំទាំងអស់គ្នាឡើង ពីព្រោះយើងអត់ប្រឆាំងរដ្ឋាភិបាលអីទេ។ យើងគ្រាន់តែធ្វើយ៉ាងម៉េច ទាមទាររកយុត្តិធម៌ នៅក្នុងសង្គមយើងមួយ ជូនពលរដ្ឋទន់ខ្សោយ ក៏ដូចជាសង្គមជាតិ តែប៉ុណ្ណឹងបាទ។
— លោក រ៉ុង ឈុន
សាលាឧទ្ធរណ៍បានបដិសេធមិនផ្ដល់នីតិសម្បទាឱ្យលោក រ៉ុង ឈុន ដោយសំអាងថា លោកមិនទាន់បានបង់ប្រាក់ផាកពិន័យ២លានរៀលចូលរដ្ឋ និងប្រាក់៤០០លានរៀល ឬស្មើ១០ម៉ឺនដុល្លារ ទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ក្នុងសំណុំរឿងដែលតុលាការបានផ្ដន្ទាទោសលោកតាំងពីឆ្នាំ២០២១ ពាក់ព័ន្ធនឹងការចុះពិនិត្យបង្គោលព្រំដែន និងជួបពលរដ្ឋជាកសិកររស់នៅតាមព្រំដែនក្នុងខេត្តត្បូងឃ្មុំ។ កាលពីខែមេសា តុលាការបានបង្ខំឱ្យលក់ផ្ទះលោក រ៉ុង ឈុន ដើម្បីប្រមូលប្រាក់សងទៅគណៈកម្មាធិការចម្រុះព្រំដែន។
ដោយឡែក កាលពីថ្ងៃទី៥ឧសភា សាលាដំបូងរាជធានីភ្នំពេញក៏បានសម្រេចផ្ដន្ទាទោសលោក រ៉ុង ឈុន ក្នុងសំណុំរឿងមួយទៀត ពីបទមិនរាងចាល ក្នុងបទញុះញង់ ដោយសារលោកធ្វើអត្ថាធិប្បាយជុំវិញដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះទៅពិនិត្យព្រំដែន និងការចុះជួបពលរដ្ឋរងគ្រោះដីធ្លីនៅតំបន់បឹងតាមោក និងនៅខេត្តកណ្ដាលជាដើម។ នៅក្នុងសំណុំរឿងថ្មីនេះ តុលាការបានផ្ដន្ទាទោសលោក រ៉ុង ឈុន ដាក់ពន្ធនាគារ៤ឆ្នាំ និងដកហូតសិទ្ធិមិនឱ្យធ្វើនយោបាយមួយជីវិត។
ជុំវិញបញ្ហានេះ មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក យី សុខសាន្ត លើកឡើងថា ការដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើលោក រ៉ុង ឈុន តាមផ្លូវតុលាការ ត្រូវបានគេមើលឃើញថា ជាការព្យាយាមបញ្ចប់អាជីពនយោបាយលោក រ៉ុង ឈុន ដែលជាអ្នកនយោបាយដ៏សកម្មនិងលេចធ្លោម្នាក់នៅពេលនេះ។
យើងស្នើសុំទទូច ដើម្បីចង់ស្ដារស្ថានភាពលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មេត្តាគួរតែផ្ដល់សិទ្ធិឱ្យគណបក្សនយោបាយដែលមាននិន្នាការប្រឆាំង បានប្រកួតប្រជែងនៅថ្ងៃខាងមុខ ដើម្បីលើកមុខមាត់ប្រទេសជាតិយើងឡើងវិញ កុំឱ្យមានគំនាបពីបរទេស។
— លោក យី សុខសាន្ត
ក្រុមអ្នកឃ្លាំមើលពីបញ្ហានយោបាយនៅកម្ពុជា និងអ្នកនយោបាយប្រឆាំងមើលឃើញថា គណបក្សកាន់អំណាច កំពុងប្រើប្រាស់តុលាការ ដើម្បីរារាំងលោក រ៉ុង ឈុន មិនឱ្យចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅក្នុងឆ្នាំ២០២៧ និង២០២៨ខាងមុខ ដោយសារព្រួយបារម្ភការកើនឡើងនៃប្រជាប្រិយភាពរបស់លោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។