រដ្ឋាភិបាលកម្ពុជាប្រកាសបបួលរដ្ឋាភិបាលថៃ រួមគ្នាប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ (The Haguge) ប្រទេសហូឡង់ (Netherlands) ដើម្បីឱ្យជួយកាត់ក្ដីរឿងព្រំដែន នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ស្របពេលការប្រឈមមុខដាក់គ្នារវាងកងទ័ពប្រទេសទាំងពីរ កាន់តែឡើងកម្ដៅ និងបណ្ដាលឱ្យកងទ័ពកម្ពុជាម្នាក់បានបាត់បង់ជីវិតព្រោះការផ្ទុះអាវុធ។
ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ថ្លែងនៅពេលដឹកនាំសមាជរដ្ឋសភានិងព្រឹទ្ធសភានៅថ្ងៃទី០២ខែមិថុនាថា ប្រសិនបើប្រទេសថៃពិតជាបរិសុទ្ធមិនចង់ឈ្លានពានទឹកដីកម្ពុជាមែន ភាគីថៃមិនគួរបដិសេធការបបួលពីភាគីកម្ពុជា ក្នុងការដឹកដៃគ្នាប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិនេះទេ។
យើងរង់ចាំមើល ប្រសិនបើមានការគេចវេះណាមួយ ដោយក្រុមណាមួយ គឺច្បាស់ជាមានអាថ៌កំបាំងនៅពីក្រោយខ្នងហើយ ហេតុអ្វីបានជាមិនចង់ដោះស្រាយតាមផ្លូវតុលាការ។ បើចរចា២៥ឆ្នាំហើយ យើងដោះស្រាយ (បញ្ហាព្រំដែន) អត់បានទេ សូម្បីតែប្រជុំគណៈកម្មាធិការចម្រុះព្រំដែន ក៏ប្រជុំអត់បាន (លទ្ធផល) ផង តើមានមូលហេតុអ្វីនៅពីក្រោយ។
— លោក ហ៊ុន សែន
ការសម្រេចជ្រើសយកយន្តការតុលាការអន្តរជាតិនេះ ស្របពេលលោក ហ៊ុន សែន បានបង្ហាញការអស់សង្ឃឹម ដែលការចរចាកំណត់ព្រំដែនទ្វេភាគីធ្វើឡើងអស់រយៈពេល២៥ឆ្នាំមកនេះ គ្មានលទ្ធផល។ លោកក៏បានព្រមានទៀតថា កម្ពុជានឹងប្ដឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឱ្យជួយដោះស្រាយ ប្រសិនកងទ័ពថៃបង្កឱ្យមានការផ្ទុះអាវុធជាថ្មីនៅលើទឹកដីកម្ពុជា។
ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងនៅក្នុងសមាជរដ្ឋសភានិងព្រឹទ្ធសភាដែរថា លោកបានបញ្ជាឱ្យគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន របស់កម្ពុជា ហៅកាត់ថា ជេ.ស៊ី.ប៊ី (JCB) កោះប្រជុំជាបន្ទាន់ជាមួយភាគីថៃ ដើម្បីជជែកលើរបៀបវារៈដើម្បីយកសំណុំរឿងព្រំដែន ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ។
បើទោះបីជាកម្ពុជា ព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្ដិវិធី តាមយន្តការបច្ចេកទេស និងផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ប៉ុន្តែកម្ពុជារក្សាសិទ្ធិនៅក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ បើសិនជាមានការប៉ុនប៉ងរំលោភដែនអធិបតេយ្យភាពកម្ពុជា ដោយប្រើប្រាស់កម្លាំងប្រដាប់អាវុធ។ នេះគឺជាការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។
— លោក ហ៊ុន ម៉ាណែត
ទោះជាយ៉ាងណា មេបញ្ជាការកងទ័ពប្រចាំនៅភូមិភាគទី២របស់ថៃលោក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) ប្រាប់អាស៊ីសេរីថា លោកមិនខ្វល់នឹងការគំរាមរបស់កម្ពុជាប្ដឹងទៅតុលាការអន្តរជាតិរឿងព្រំដែននោះទេ។ លោកបន្តថា កងទ័ពរបស់លោកនឹងការពារទឹកដី ស្របតាមផែនទីខ្នាត១លើ៥០ពាន់(១/៥០០០០)របស់ប្រទេសថៃ។ មេទ័ពថៃរូបនេះ ថ្លែងទាំងបំពានថា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ជាកម្មសិទ្ធិរបស់ថៃ។
បើទោះជាភាគីថៃលើកឡើងដូច្នេះក្ដី លោក ហ៊ុន សែន ចោទប្រកាន់ថា ផែនទីនេះ ជាផែនទី«ចោរ»គូសដោយឯកតោភាគីសម្រាប់ឈ្លានពានទឹកដីខ្មែរ។
ភាពតានតឹងរបស់កម្ពុជានឹងថៃបន្តឡើងកម្ដៅ បន្ទាប់ពីប្រទេសទាំងពីរបានបញ្ជូនកងទ័ពនិងអាវុធបន្ថែមទៅកាន់ព្រំដែន ក្រោយមានករណីផ្ទុះអាវុធសម្លាប់ទាហានខ្មែរម្នាក់ និងការជួបចរចារវាងមេទ័ពជើងគោកប្រទេសទាំងពីរបរាជ័យ។
ជុំវិញបញ្ហានេះ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន បានលើកឡើងថា ការប្រកាសរបស់លោក ហ៊ុន ម៉ាណែត បញ្ជូនសំណុំរឿងព្រំដែនទៅតុលាការយុត្តិធម៌អន្តរជាតិ គឺជាជោគជ័យមួយនៃការធ្វើបាតុកម្មជាបន្តបន្ទាប់របស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស។ លោក អ៊ុំ សំអាន ចង់ឱ្យលោក ហ៊ុន ម៉ាណែត ដាក់បន្ថែមសំណុំរឿងកោះគជ់ និងតំបន់ព្រំដែនអានសេះដើម្បីប្ដឹងទៅតុលាការអន្តរជាតិដែរ។
មួយទៀត យើងជំរុញឱ្យរដ្ឋាភិបាល ដាក់សំណើទៅរដ្ឋសភា ផ្ដល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ UNCLOS ឆ្នាំ១៩៨២ ទើបយើងអាចប្ដឹងទៅតុលាការអន្តរជាតិ រឿងកោះគជ់ ដែនសមុទ្រត្រួតស៊ីគ្នា និងរឿងព្រំដែនសមុទ្រជាមួយប្រទេសជិតខាត។
— លោក អ៊ុំ សំអាន
អ្នកសិក្សាកិច្ចការសង្គម និងនយោបាយលោក ប៉ោ មករា បានយល់ឃើញថា កម្ពុជាមានប្រៀបជាងថៃ ក្នុងការជ្រើសរើសយកយន្តការអន្តរជាតិដើម្បីដោះស្រាយបញ្ហាព្រំដែន។
ពីព្រោះអី បើយើងប្រៀបធៀប ពីកម្លាំងសេដ្ឋកិច្ច កម្លាំងប្រជាជន យើងអត់អាចទៅប្រៀបធៀបជាមួយថៃបានទេ ដូច្នេះ អ្វីដែលកម្ពុជាជ្រើសរើសបាន គឺវិធីសាស្ដ្រការទូត និងស្ថាប័នអន្តរជាតិ ក្នុងការដោះស្រាយបញ្ហានេះ។
— លោក ប៉ោ មករា
ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានបញ្ជាក់ដែរថា ការបបួលភាគីថៃឱ្យព្រមព្រៀងគ្នាប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិនៅពេលខាងមុខនោះ ជាការទុកមុខមាត់ឱ្យប្រទេសជិតខាង ហើយបើប្រទេសថៃមិនព្រមប្ដឹង ក៏ភាគីកម្ពុជាសម្រេចប្ដឹងទៅតុលាការនេះដែរ។ លោកបញ្ជាក់ថា កម្ពុជានឹងប្រើប្រាស់ផែនទី ដែលភ្ជាប់សន្ធិសញ្ញាបារាំងនិងសៀមឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ក្នុងការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ និងជាឯកសារគតិយុត្តិដែលទទួលស្គាល់ជាអន្តរជាតិ ដែលកម្ពុជាធ្លាប់បានយកធ្វើជាមូលដ្ឋាន ឈ្នះការប្ដឹងរឿងប្រាសាទព្រះវិហារកាលពីឆ្នាំ១៩៦២ និងការប្ដឹងឱ្យបកស្រាយសាលក្រមឡើងវិញកាលពីឆ្នាំ២០១១។
ទាក់ទងបញ្ហាព្រំដែននៅពេលនេះ ទាំងគណបក្សប្រឆាំង និងគណបក្សកាន់អំណាច ហាក់បីដូចជាស្របគ្នា យកជម្លោះនេះប្ដឹងទៅតុលាការអន្តរជាតិ។ លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានលើកទឹកចិត្តឱ្យករណីកោះគជ់ប្ដឹងទៅតុលាការអន្តរជាតិផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។