មន្ត្រីបក្សកម្លាំងជាតិម្នាក់ត្រូវឃុំខ្លួន បន្ទាប់ពីរិះគន់លោក ហ៊ុន សែន តាមហ្វេសប៊ុក

អាជ្ញាធរបានចាប់ខ្លួនសមាជិកក្រុមការងារបណ្ដោះអាសន្នគណបក្សកម្លាំងជាតិ ខេត្តកំពង់ស្ពឺ លោក ឌឹម គៀង បញ្ជូនទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី៣ខែមិថុនា។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ​បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ​​ការ​ចាប់​ខ្លួន​នេះ​គឺ​សមត្ថកិច្ច​មិន​បាន​បង្ហាញ​ដីកា​នោះ​ទេ។ លោកចាត់​ទុក​ករណី​នេះ​ថា ​ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​និង​ស្នើ​ឱ្យ​អាជ្ញាធរ​ដោះលែង​លោក ឌឹម គៀង ដោយ​ឥតលក្ខខណ្ឌ​។

វា​ជា​រឿង​ដដែលៗ​ ហើយ​​ជា​ការ​បំភិតបំភ័យ​​ដល់​សកម្មជន​ផ្សេងៗ​ទៀត ហើយ​ខ្ញុំ​គិត​ថា មិន​ត្រូវ​បន្ត​ការ​នាំ​ខ្លួន​រឿង​កំហុស​បន្តិចបន្តួច​ណា​នោះ​ទេ​ បើ​មាន​កំហុស​បន្តិចបន្តួច​គួរ​តែ​ហៅ​អប់រំ​ណែនាំ​​ ដើម្បី​ឱ្យ​គាត់​ធ្វើ​ការ​កែ​លំអ។ ការ​ចាប់​ខ្លួន​វា​ជា​​រូប​ភាព​មួយ​មិន​ល្អ​សម្រាប់​សង្គម​ដែល​យើង​តែង​តែ​ពោល​ពាក្យ​ថា ​ទទួល​យក​របប​ប្រជាធិបតេយ្យ​នោះ​ទេ។

—  លោក រ៉ុង ឈុន

ប៉ូលិស​បាន​ចាប់​ខ្លួន​លោក​ ឌឹម គៀង​ ក្នុង​ពេល​ទៅ​ធ្វើ​ការ​នៅ​មុខ​រោងចក្រ​មួយ​កន្លែង​នៅ​ស្រុក​គងពិសី​ ខេត្ត​កំពង់ស្ពឺ​ ហើយ​បាន​បញ្ជូន​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​ភ្លាមៗ​នៅ​ព្រឹក​ថ្ងៃ​ដដែល​។ អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ចុះ​ថ្ងៃ​ទី​៣​មិថុនា​ថា ការ​ចាប់​ខ្លួន​នេះ​គឺ​ធ្វើ​ឡើង​តាម​ដីកា​របស់​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង ​ដោយ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ពាក់ព័ន្ធ​នឹង​រឿង​ចែករំលែក​សារ​រិះគន់​ភាព​អសកម្ម​របស់​រដ្ឋាភិបាល។

ហ្វេសប៊ុក​របស់​លោក​ ឌឹម គៀង​ បាន​ចែករំលែក​សារ​អម​ដោយ​រូប​ថត​ពី​សកម្មភាព​ការងារ​របស់​លោក ហ៊ុន សែន​ និង​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​មួយ​ចំនួន​ ដែល​សរសេរ​ខ្លឹម​ថា នេះ​​ដែល​គេ​តែង​ហៅ​ថា ចោរ​ស្រប​ច្បាប់​ក្នុង​សម័យ​សន្តិភាព​ដឹក​នាំ​ដោយ​ត្រកូល​ហ៊ុន។​

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) លោក យិន​ ម៉េងលី មាន​ប្រសាសន៍​ថា ​សមត្ថកិច្ច​ចាប់​ខ្លួន​ពលរដ្ឋ​ដោយ​ពុំ​បង្ហាញ​ដីកា​គឺ​ជា​ទង្វើ​ខុស​ច្បាប់។ ចំណែក​ឯ​​ការ​រិះ​គន់​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​តាម​ហ្វេសប៊ុក ​លោក​ថា គឺ​​ការ​សម្ដែង​មតិ​​របស់​ពលរដ្ឋ​ស្រប​តាម​ច្បាប់​ជាតិ​និង​អន្តរជាតិ។

អ៊ីចឹង​យើង​បាន​ឃើញ​ថា លំហ​សេរីភាព​​ក្នុង​ការ​បញ្ចេញ​មតិ​នេះ​មិន​អាច​បញ្ចេញ​បាន​គ្រប់​ប្រធាន​បទ​ទេ​។ ការ​បញ្ចេញ​មតិ​នេះ​ គឺ​បញ្ចេញ​បាន​ទៅ​លើ​បញ្ហា​ណា​ដែល​និយាយ​ពី​ចំណុច​ល្អ​ ចំណុច​វិជ្ជមាន​ របស់​ថ្នាក់​ដឹកនាំ​​ ឬ​ក៏​របស់​អាជ្ញាធរ​ណា​មួយ។ ​ប៉ុន្តែ​ការ​បញ្ចេញ​មតិ​ពាក់​ព័ន្ធ​ការ​ផ្ដល់​ជា​យោបល់ ជា​ការ​ស្ថាបនា​​នៅ​ក្នុង​ការ​ដឹក​នាំ​​នៅ​ក្នុង​ការ​ធ្វើ​អ្វី​មួយ​នោះ ​មិន​អាច​ធ្វើ​ទៅ​បាន​ទេ។

—  លោក យិន ម៉េងលី

​គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​៣​ខែ​មិថុនា​ ប៉ូលិស​បន្ត​សាកសួរ​លោក ឌឹម គៀង ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។

ក្នុង​រយៈ​ពេល​ជាង​១​ខែ​មក​នេះ​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ថ្នាក់​ដឹក​នាំ​គណបក្ស​កម្លាំង​ជាតិ​ចំនួន​២នាក់​ហើយ​ ក្នុង​នោះ​ម្នាក់​ជា​អនុប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​បណ្ដោះ​អាសន្ន គណបក្ស​កម្លាំង​ជាតិ ស្រុក​តាំង​គោក ខេត្តកំពង់ធំ ​​​លោក យ៉ាង សុខឃាង​ ហើយ​បច្ចុប្បន្ន​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ ​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម រឿង​បង្ហោះ​សារ​រិះគន់​រដ្ឋាភិបាល​​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។