លោក ហ៊ុន ម៉ាណែត ប្រាប់យោធាថៃឱ្យបើកព្រំដែនសិន ទើបអាចមកចរចារឿងលក្ខខណ្ឌកងទ័ពតាមក្រោយ

កម្ពុជាបានចាប់ផ្ដើមអនុវត្តវិធានការបិទច្រកព្រំដែនទាំងអស់ ដើម្បីហាមឃាត់ការនាំចូលបន្លែនិងផ្លែឈើពីប្រទេសថៃ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា កម្ពុជានឹងមិនចរចាជាមួយភាគីថៃឡើយ ព្រោះក្រុមយោធាថៃជាអ្នកបិទព្រំដែនមុនដោយមិនបានជូនដំណឹងមកកម្ពុជា។

ក្រសួងព័ត៌មាន​បាន​បង្ហោះ​លើ​ហ្វេសប៊ុក​ថា អាជ្ញាធរ​កម្ពុជា​នៅ​តាម​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ថៃ​ បាន​ចាប់​ផ្ដើម​ទាញ​របង​ព្រំដែន​បិទ​មិន​ឱ្យ​មាន​ការ​នាំ​ចូល​បន្លែ​និង​ផ្លែឈើ​ពី​ប្រទេស​ថៃ ចាប់​ពី​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​១៧​ខែ​មិថុនា​​ទៅ​ ក្រោយ​ការ​ដាក់​ឱសានវាទ​រយៈពេល​២៤​ម៉ោង​ត្រូវ​បាន​បញ្ចប់។

វិធានការ​នេះ​ក្រោយ​ពី​យោធា​ថៃ​បាន​សម្រេច​បិទ​ព្រំដែន​ដោយ​ឯកតោ​ភាគី និង​បន្ថយ​ម៉ោង​ចេញ​ចូល​ច្រកទ្វារ​ខ្លះ។

នៅ​ក្នុង​ពិធី​បិទ​មហាសន្និបាត​វិសាមញ្ញ​កាយរឹទ្ធិជាតិ​កម្ពុជា​នៅ​ថ្ងៃ​ទី​១៧​ខែ​មិថុនា លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ាណែត​ បាន​ប្រកាស​ថា កម្ពុជា​នឹង​បើក​ព្រំដែន​ឱ្យ​នាំ​ចូល​បន្លែ​និង​ផ្លែ​ពី​ថៃ​វិញ​ ប្រសិន​បើ​ក្រុម​យោធា​ថៃ​បើក​ច្រកព្រំដែន​ទាំង​អស់​ជាមួយ​កម្ពុជា​ ឱ្យ​ដំណើរ​ការ​ធម្មតា​វិញ​ ដូច​នៅ​មុន​ថ្ងៃ​ទី​៧​ខែ​មិថុនា​ គឺ​ពី​ម៉ោង​៦​ព្រឹក​រហូត​ទៅ​ដល់​ម៉ោង​១០​យប់។ លោក​បាន​បញ្ជាក់​ទៀត​ថា ទាល់តែ​ក្រុម​យោធា​ថៃ​បើក​ដំណើរ​ការ​ព្រំដែន​ដូច​ដើម​ ទើប​អាច​មក​ចរចា​ជាមួយ​កម្ពុជា​រឿង​កែសម្រួល​កងទ័ព​តាម​ក្រោយ ហើយ​កម្ពុជា​ក៏​មិន​ទទួល​យក​ការ​ចរចា​ពី​ភាគី​ថៃ​ដើម្បី​បើក​ព្រំដែន​នោះ​ដែរ។

អ៊ីចឹង បើ​សិន​ភាគី​ថៃ​មាន​សុឆន្ទៈ​ពិតប្រាកដ ចង់ (ចរចា) កែសម្រួល​កងទ័ព​ទាំង​សង​ខាង កម្ពុជា​អត់​ស្រលាញ់​សង្គ្រាម​ទេ។ (ថៃ) ត្រូវ​បង្ហាញ​សុឆន្ទៈ​មុន​សិន បង្ហាញ​នូវ​ភាព​បុរេលក្ខខណ្ឌ​របស់​យើង គឺ​ព្រំដែន​ត្រូវ​បើក​ទាំង​សង​ខាង​ទៅ​លក្ខខណ្ឌ​ដូច​ដើម​វិញ ចាំ​យើង​និយាយ​ពី​រឿង​កងទ័ព នេះ​គឺ​ជា​គោលការណ៍​ជាក់ស្ដែង។ ហើយ​ដើម្បី​ឱ្យ​ព្រំដែន​បើក​ធម្មតា​វិញ មិន​បាច់​ចរចា​គ្នា គឺ​សុំ​ឱ្យ​កងទ័ព​ថៃ​បើក​ទៅ ព្រោះ​បិទ បិទ​តែ​ខ្លួន​ឯង បើក​តែ​ខ្លួន​ឯង​ទៅ កម្ពុជា​នឹង​ឆ្លើយតប​ទៅ​វិញ​។

—  លោក ហ៊ុន ម៉ាណែត

កាល​ពី​ថ្ងៃ​ទី​១៦​ខែ​​មិថុនា​ ប្រធាន​ព្រឹទ្ធ​សភា​លោក​ ហ៊ុន សែន​ ក៏​បាន​ព្រមាន​ថា កម្ពុជា​អាច​នឹង​ហាម​ឃាត់​ការ​នាំចូល​ទំនិញ​គ្រប់​ប្រភេទ​ពី​ប្រទេស​ថៃ​បន្ថែម​ទៀត​ ខណៈ​លោក​បាន​អំពាវនាវ​ឱ្យ​ក្រុម​ឧកញ៉ា​និង​អ្នក​មាន​ទ្រព្យសម្បត្តិ​ច្រើន​ ជួយ​នាំ​គ្នា​ទិញ​បន្លែ​និង​ផ្លែ​ឈើ​ពី​កសិករ​ខ្មែរ​ ដែល​មិន​អាច​នាំ​ចេញ​ទៅ​លក់​ក្នុង​ប្រទេស​ថៃ ដើម្បី​យក​ទៅ​ចែក​ឱ្យ​ក្រុម​កងទ័ព​ប្រចាំការ​នៅ​តាម​ព្រំដែន​ ឧបត្ថម្ភ​ទៅ​មន្ទីរពេទ្យ​ និង​មណ្ឌល​កុមារ​កំព្រា​ជាដើម។

អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​លោក​ ឃឹម​ ហ្វីណង់​ បាន​បង្ហោះ​លើ​ទំព័រហ្វេសប៊ុក​ដែរ​ថា កម្ពុជា​មាន​សមត្ថភាព​ផលិត​គ្រប់គ្រាន់​នូវ​បន្លែ និង​ផ្លែឈើ ដើម្បី​ជំនួស​ការ​នាំចូល​ពី​ប្រទេស​ខាង​ក្រៅ។

ក្រោយ​ពី​ភាគី​ខ្មែរ​បិទ​ការ​នាំ​ចូល​បន្លែ​និង​ផ្លែ​ឈើ​ពី​ប្រទេស​ថៃ​ ក្រុម​យោធា​ថៃ ក៏​បាន​សេចក្ដី​សម្រេច​ហាមឃាត់​មិន​ឱ្យ​ជនជាតិ​ថៃ​ចូល​មក​ធ្វើ​ការ​នៅ​កាស៊ីណូ​នៅ​ក្នុង​ខេត្ត​ប៉ោយប៉ែត​ឡើយ។

ចំណែក​មេ​បញ្ជាការ​កងទ័ព​ថៃ​នៅ​ភូមិភាគ​ទី​២​បាន​លើកឡើង​ថា ថៃ​នឹង​ដាក់​សំណើ​សុំ​កាត់បន្ថយ​ចំនួន​កងទ័ព​ដែល​ដាក់​ពង្រាយ​តាម​ព្រំដែន​ នៅក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ​កម្ពុជា​-ថៃ ដែល គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧​ដល់​ថ្ងៃ​ទី​២៨​ខែ​មិថុនា។

ទោះជាយ៉ាង​ណា ក្រសួង​ការពារជាតិ​កម្ពុជា​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ជាថ្មី​នៅ​ថ្ងៃ​ទី​១៧​ខែ​មិថុនា​ បង្ហាញ​ការសោកស្ដាយ​ដែល​ភាគី​ថៃ​មិន​គោរព​កិច្ចព្រមព្រៀង​ និង​បាន​បង្កើន​ការ​ធ្វើ​សកម្មភាព​រំលោភបំពាន​លើ​អធិបតេយ្យ​ និង​បូរណភាព​ទឹកដី​កម្ពុជា​ ផ្ទុយ​ពី​អនុស្សារណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០​។

ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា កងទ័ព​ថៃ​បាន​បង្កើន​សកម្មភាព​បង្ហោះដ្រូន​ ការជីក​លេណដ្ឋាន​ ការ​បង្កើន​និង​ចល័ត​អាវុធ​គាំទ្រ​ និង​សព្វាវុធ​គ្រប់​ប្រភេទ​ ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ និង​បង្កើន​ចំនួន​ទាហាន​នៅ​តាម​ព្រំដែន​ក្នុង​ភូមិសាស្ដ្រ​ខេត្ត​ព្រះវិហារ​ និង​ខេត្ត​ឧត្តរមានជ័យ។

អាជ្ញាធរ​ខេត្ត​នៅ​តាម​ព្រំដែន​កម្ពុជា​និង​ថៃ ដូច​ជា​នៅ​ខេត្តពោធិ៍សាត់​ និង​ខេត្ត​ព្រះវិហារ​ បាន​ប្រកាស​នៅ​លើ​ហ្វេសប៊ុក​ថា មាន​ពលរដ្ឋ​រាប់រយ​គ្រួសារ​ ត្រូវបាន​ជម្លៀស​ចេញ​ពី​តំបន់​ប្រឈម​សមរភូមិ​មុខ​ ទៅ​កាន់​កន្លែង​សុវត្ថិភាព។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត បាន​ព្រមាន​ថា ប្រសិនបើ​យោធា​ថៃ​បង្ក​ឱ្យ​មាន​ការផ្ទុះអាវុធ​ជាថ្មី​ នៅតំបន់​ព្រំដែន​ផ្សេង​ទៀត​ គឺ​តំបន់​នោះ​ នឹង​ត្រូវ​ដាក់​បញ្ជូន​បន្ថែម​ ដើម្បី​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។