សារសំឡេងបែកធ្លាយបង្ហោះតាមបណ្ដាញសង្គមនៅថ្ងៃទី១៨ ខែមិថុនា លោក ហ៊ុន សែន បានទទួលស្គាល់ថា ពិតជាសំឡេងដែលលោកបានសន្ទនាជាមួយនាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ប្រាកដមែន។ ភាគីទាំងពីរបានសន្ទនាគ្នាតាមរយៈអ្នកបកប្រែ គឺអភិបាលរងរាជធានីភ្នំពេញលោក ឃ្លាំង ហួត ដោយពេលនោះ អ្នកស្រី ផែថងថាន បានប្រើភាសាបែបទន់ភ្លន់ហៅលោក ហ៊ុន សែនថា ពូនិងឪពុក ហៅខ្លួនឯងជាក្មួយឬចៅទៀតផង។
អ្នកស្រីបានស្នើឱ្យលោក ហ៊ុន សែន សម្របសម្រួលដោះស្រាយបញ្ហាព្រំដែនប្រទេសទាំងពីរឱ្យត្រឡប់មកដូចកាលពីមិនទាន់មានជម្លោះឡើងវិញ។ លោក ហ៊ុន សែន បានឯកភាពនឹងសំណើរបស់នាយករដ្ឋមន្ត្រីថៃនេះ ប៉ុន្តែលោកថា ភាគីថៃត្រូវបើកច្រកព្រំដែនទាំងអស់ជាមុនទើបកម្ពុជាអនុវត្តតាមក្រោយ។
អត់ទេខាងនេះអត់ចរចាទេ ខាងនោះអ្នកផ្ដើម ខាងនោះអ្នកបង្កើតបញ្ហា ហើយចង់លើកមុខលើកមាត់ខ្លួនឯង ហើយមកទម្លាក់មកឱ្យខាងនេះអត់បានទេ អត់ចរចាទេរឿងហ្នឹង។ គឺខាងនោះត្រូវធ្វើមុនតែម្ដង គឺខាងនេះអត់ចរចាទេ។ប៉ុន្តែខាងនេះសន្យាថា ខាងនោះអនុវត្តដកបទបញ្ជាក្នុងការបិទទល់ដែនហើយ គឺខាងនេះយ៉ាងយូរ៥ម៉ោងក្រោយ ខ្ញុំសន្យា ខ្ញុំធានាកាត់ក្បាលខ្ញុំក្រវាត់ចោល។
— លោក ហ៊ុន សែន
អ្នកច្បាប់ លោក វ៉ន ចាន់ឡូត បានប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៨មិថុនាថា ការបញ្ចេញសារសំឡេងសន្ទនានេះពុំមែនជាការខុសទាស់អ្វីនោះទេ ព្រោះបណ្ដាស្ថាប័នអង្គភាពចំណុះឱ្យរដ្ឋាភិបាលប្រទេសទាំងពីរក៏បានដឹងអំពីខ្លឹមសារការសន្ទនានេះដែរ។ ផ្ទុយទៅវិញលោកថា ការសន្ទនានេះជារឿងល្អ ដែលរដ្ឋាភិបាលបានបង្ហាញពីតម្លាភាពដល់ពលរដ្ឋ ជាពិសេសក្នុងស្ថានការណ៍តានតឹងបញ្ហាព្រំដែនកម្ពុជានិងថៃ។
ដូច្នេះប្រជាពលរដ្ឋខ្មែរគឺចាំបាច់ត្រូវការការទទួលបានព័ត៌មានមួយឱ្យបានលឿនរហ័ស ហើយគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើការសម្រេចចិត្ត។ មួយវិញទៀត ភាគីទាំងពីរគឺជាបុគ្គលសាធារណៈ ដូច្នេះមិនអាចនិយាយទេថា បុគ្គលណាមួយបានបំពានលើសិទ្ធឯកជនភាពលើបុគ្គលណាមួយ វាជារឿងដែលមិនអាចកើតឡើងទេនៃទំនាក់ទំនងរវាងរដ្ឋហើយនិងរដ្ឋ។
— លោក វ៉ន ចាន់ឡូត
កម្ពុជានិងថៃមានជម្លោះព្រំដែនចាប់តាំងកងទ័ពប្រទេសទាំងពីរបានផ្ទុះអាវុធដាក់គ្នានៅតំបន់មុំបីក្នុងខេត្តព្រះវិហារបណ្ដាលឱ្យទាហានខ្មែរម្នាក់ស្លាប់ កាលពីថ្ងៃទី២៨ខែឧសភា។ ប្រទេសទាំងពីរបានបញ្ជូនកងទ័ពនិងអាវុធធន់ធ្ងន់ទៅប្រចាំការនៅតំបន់មានជម្លោះ និងបានរឹតបន្តឹងការចេញចូលតាមច្រកទ្វារព្រំដែន ហើយកម្ពុជាហាមថៃមិនឱ្យដឹកបន្លែ ផ្លែឈើតាមព្រំដែនរបស់ខ្លួន ដរាបណាយោធាមិនបើកព្រំដែនដូចធម្មតាវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។