លោក ហ៊ុន សែន បានបង្ហោះសារតាមហ្វេសប៊ុកនៅថ្ងៃទី២០ ខែមិថុនាថា លោកធ្លាប់បានជួយអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ និងអ្នកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត់ ឱ្យស្នាក់នៅក្នុងភូមិគ្រឹះរបស់លោកក្នុងទីក្រុងតាខ្មៅ អំឡុងពេលបងប្អូនទាំងពីរនេះនាក់ ប្រឈមការធ្វើរដ្ឋប្រហារបណ្ដេញចេញពីអំណាច។
លោក ហ៊ុន សែន បានបន្តថា អំឡុងពេលនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នអ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាកាលពីខែមេសា លោកក៏បានអញ្ជើញអ្នកស្រីនិងស្វាមី ទៅទទួលទានអាហារលក្ខណៈគ្រួសារនៅក្នុងភូមិគ្រឹះរបស់លោក និងបានអនុញ្ញាតឱ្យអ្នកស្រី ចូលមើលនិងថតរូបបន្ទប់ដែលលោក ថាក់ស៊ីន និងអ្នកស្រី យីងឡាក់ ធ្លាប់ស្នាក់នៅ។
ប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន បានបញ្ជាក់ថា ប៉ុន្តែមនោសញ្ចេតនារយៈពេលជាង៣០ឆ្នាំ រវាងគ្រួសារទាំងពីរនៅពេលនេះ ត្រូវបានបំផ្លាញ ដោយសារតែមានមន្ត្រីកម្ពុជា បានធ្វើឱ្យបែកធ្លាយនូវសារសន្ទនាតាមទូរសព្ទរវាងលោកជាមួយនាយករដ្ឋមន្ត្រីថៃអ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ ដោយសារមន្ត្រីកម្ពុជារូបនោះ ខឹងនាយករដ្ឋមន្ត្រីថៃ ដែលបានចោទមេដឹកនាំកម្ពុជាថាធ្វើនយោបាយគ្មានវិជ្ជាជីវៈ។
កាលពីថ្ងៃទី១៥ខែមិថុនា លោក ហ៊ុន សែន បាននិយាយទូរសព្ទជាមួយអ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ ដើម្បីចរចារឿងបើកព្រំដែនប្រទេសទាំងពីរ។ នៅក្នុងកិច្ចសន្ទនានោះអ្នកស្រី ផេថងថាន បាននិយាយបរិហារមេបញ្ជាការកងទ័ពថៃប្រចាំនៅភូមិភាគ២ ដែលតែងប្រើពាក្យសម្ដីចង់បង្កសង្គ្រាមឃ្លានពានជាមួយកម្ពុជា ថាជាក្រុមមនុស្សប្រឆាំងនឹងរដ្ឋាភិបាលអ្នកស្រី ហើយបាននិយាយបញ្ចុះបញ្ចូលឱ្យលោក ហ៊ុន សែន ជួយសម្របសម្រួលបើកព្រំដែនឱ្យនាំចូលបន្លែនិងផ្លែឈើពីប្រទេសថៃវិញ។
លោក ហ៊ុន សែន បានលើកឡើងថា លោកបានបញ្ជូនសារសន្ទនាឯកជនជាមួយនាយករដ្ឋមន្ត្រីថៃ ទៅមន្ត្រីព្រឹទ្ធសភា រដ្ឋសភា មន្ត្រីគណបក្សប្រជាជនកម្ពុជា រួមទាំងមេដឹកនាំកងទ័ពសរុប៨០នាក់ និងក្រោយពីមានការធ្វើឱ្យបែកធ្លាយ លោកក៏បានសម្រេចចិត្តបង្ហោះកិច្ចសន្ទនានោះទាំងស្រុង។ ការធ្វើឱ្យបែកធ្លាយកិច្ចសន្ទនាតាមទូរសព្ទបានធ្វើឱ្យអ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ ប្រកាសថា នឹងលែងមានកិច្ចសន្ទនាឯកជនជាមួយមេដឹកនាំកម្ពុជា។
ស្របពេលលោក ហ៊ុន សែន ប្រកាសភាពប្រេះឆានៃគ្រួសារទាំងពីរ នាយករដ្ឋមន្ត្រីថៃអ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ នៅថ្ងៃទី២០ ខែមិថុនា បានធ្វើដំណើរពីទីក្រុងបាងកក មកកាន់ខេត្ត ឧប៊ុន រាឆាថានី (Ubon Ratchathani) ជាប់ទឹកដីខេត្តព្រះវិហាររបស់កម្ពុជា ដើម្បីលើកទឹកចិត្តកងទ័ពថៃនិងមេបញ្ជាការប្រចាំភូមិភាគ២ ដែលអ្នកស្រីនិយាយបរិហារនៅក្នុងកិច្ចសន្ទនាតាមទូរសព្ទជាមួយលោក ហ៊ុន សែន។
ក្រោយពីទាហានថៃលួចឆ្មក់បាញ់សម្លាប់ទាហានខ្មែរកាលពីថ្ងៃទី២៨ ខែឧសភា យោធាថៃបានបញ្ជូនកងទ័ពនិងសព្វាវុធមកព្រំដែនបន្ថែម រួមទាំងការបង្ហោះដ្រូនចូលទឹកដីខ្មែរ និងការបញ្ជូនទ័ពដើរល្បាតចូលដល់ភូមិដ្ឋាននិងចម្ការរបស់ពលរដ្ឋខ្មែរហើយនិងបិទព្រំដែនដោយឯកតោភាគីជាដើម។
រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ សីហា ថ្លែងនៅថ្ងៃទី២០ ខែមិថុនាថា មូលហេតុដែលស្ថានភាពនៅព្រំដែនបន្តតានតឹង ដោយសារភាគីយោធាថៃក្រឡេចក្រឡុច ផ្សព្វផ្សាយព័ត៌មានមិនពិត។
បន្ទាប់ពីការជជែកគ្នារវាងមេទ័ពជើងគោកទាំងពីរ ចេញ (ពីប្រជុំ) មកយើងដាក់សេចក្ដីថ្លែងការណ៍ ខាងថៃគេដាក់៣ចំណុច កម្ពុជាយើងដាក់៤ចំណុច សូរថាហេតុអ្វី? គេថាកម្ពុជាក្រឡេចក្រឡុច ឯកភាពគ្នា៣ចំណុច តែយើងចេញ៤ចំនុច។ ខ្ញុំសុំជម្រាបថា នៅពេលប្រជុំយើងឯកភាពគ្នា៣ចំណុច ប៉ុន្តែយើងបានលើកឡើងថា កម្ពុជាមិនអាចដកទ័ពចេញពីទីតាំងនោះបានឡើយ ប៉ុន្តែសេចក្ដីថ្លែងការណ៍របស់ថៃ មិនបានលើកឡើងចំណុចនេះទេ ហេតុនេះហើយបានកម្ពុជាត្រូវបំពេញចំណុចទី៤ នេះថា កម្ពុជាមិនដកចេញទីនោះទេ ព្រោះជាទឹកដីរបស់កម្ពុជា។
— លោក ទៀ សីហា
លោករដ្ឋមន្ត្រីបានបន្តថា យោធាថៃក៏មិនបានសុំទោស ដែលបានចូលបាញ់សម្លាប់ទាហានខ្មែរម្នាក់នៅឡើយទេ។ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា ខ្មែរបានតំឡើងសព្វាវុធគ្រប់គ្រាន់ ដើម្បីការពារដែនអធិបតេយ្យភាពទាំងលើគោក លើអាកាស និងលើទឹករបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។