សង្គមស៊ីវិលរិះគន់ការពន្យារពេលសវនាការ ធ្វើឱ្យប៉ះពាល់សិទ្ធិឪពុកលោក ស៊ន តារា

មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា តុលាការគួរតែបើកសវនាការជំនុំជម្រះក្ដីសំណុំរឿងឪពុករបស់លោក ស៊ន តារា គឺ សុខ ស៊ុនណារ៉េត ឱ្យបានឆាប់ ដោយមិនត្រូវពន្យារពេលបន្តទៅមុខទៀតនោះទេ។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​៩​ឧសភា​ថា ការ​ដែល​តុលាការ​បន្ត​ពន្យារ​ពេល​សវនាការ​នឹង​ធ្វើ​ឱ្យ​​ខូច​ប្រយោជន៍​ដល់​លោក សុខ ស៊ុនណារ៉េត ដែល​បន្ត​ជាប់​ឃុំ​​ដោយ​អយុត្តិធម៌​យូរ​ទៅ​មុខ​ទៀត។ លោក​នៅ​តែ​អះអាង​ថា លោក សុខ ស៊ុនណារ៉េត មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ឡើយ ដូច្នេះ​តុលាការ​គួរតែ​ដោះលែង​គាត់​​ឱ្យ​មាន​សេរីភាព​វិញ​ដោយ​ឥតលក្ខខណ្ឌ។​

មិន​មែន​ថា ពេល​ដែល​ផ្ដន្ទាទោស​គិត​ពី​ថ្ងៃ​ឃុំ​ខ្លួន ចុះ​បើ​គោលការណ៍​ច្បាប់​សន្មត​ថា​អត់​ទោស​អា​ហ្នឹង​ពាក់ព័ន្ធ​យ៉ាង​ម៉េច​។ ហើយ​ពាក់ព័ន្ធ​សាក្សី គប្បី​តែ​ធ្វើ​ការ​កោះហៅ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​ជូន​ដំណឹង​ដល់​សាក្សី​ គិត​ថា​សាក្សី​សំខាន់​ណាស់​ក្នុង​ការ​សួរ​ដេញដោល​ហ្នឹង ក៏​មិន​ត្រូវ​ធ្វេសប្រហែស​ខកខាន​អញ្ជើញ​សាក្សី​ហ្នឹង​ដែរ​។

—  លោក យិន ម៉េងលី

ការ​លើកឡើង​របស់​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​នេះ​ ធ្វើ​ឡើង​ក្រោយ​ពី​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​លោក ខាន់ សុខា នៅ​ថ្ងៃ​ទី​៩​ឧសភា​បាន​ប្រកាស​លើក​ពេល​ជំនុំជម្រះ​ក្ដី​សំណុំ​រឿង លោក សុខ ស៊ុនណារ៉េត ទៅ​ពេល​ក្រោយ ដោយ​គ្មាន​ថ្ងៃ​កំណត់ ដោយ​លើក​ហេតុ​ផល​ថា ដោយសារ​អវត្តមាន​សាក្សី។

អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​(Licadho) សមាគម​ការពារ​សិទ្ធិ​អាដហុក(Adhoc) និង​តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា​បាន​ចុះ​ឃ្លាំមើល​សវនាការ​នេះ​។

លោក សុខ ស៊ុនណារ៉េត អាយុ ៦៦ឆ្នាំ ជា​អតីត​នាយទាហាន​សឹក​រង​ខេត្ត​កំពង់ស្ពឺ ត្រូវ​បាន​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​នេះ​ចាប់ខ្លួន​ក្នុង​ពេល​លោក​ទៅ​ជួប​មេ​បញ្ជា​ការ​ទាហាន​ភូមិ​ភាគ៣។ តុលាការ​ខេត្ត​កំពង់​ស្ពឺ​បាន​ចោទ​ប្រកាន់​លោក ពី​បទ​រក្សា​ទុក​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ និង​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​នេះ កាល​ពី​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា ឆ្នាំ២០២៤។ ប៉ុន្តែ​ កន្លង​មក​លោក សុខ ស៊ុន​ណារ៉េត បាន​បដិសេធ​លើ​ការ​ចោទ​ប្រកាន់​នេះ​ថា ជា​ការ​មួលបង្កាច់​ខុស​ការ​ពិត​។

កន្លង​មក​មេធាវី​ការពារ​ក្ដី​ឱ្យ​ជន​ជាប់​ចោទ បាន​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល សាលាឧទ្ធរណ៍​បដិសេធ​នឹង​ដីកា​ឃុំ​ខ្លួន​របស់​តុលាការ​ថ្នាក់​ក្រោម​ជា​បន្ត​បន្ទាប់ ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល​។

អង្គការ​ជាតិ​ អន្តរជាតិ​និង​អ្នក​ឃ្លាំមើល​ចាត់ទុក​សំណុំរឿង​នេះ​ថា ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ គាបសង្កត់​ឆ្លងដែន ដោយ​រដ្ឋាភិបាល​ត្រកូល ហ៊ុន ប្រើ​លេស​ចាប់​លោក សុខ ស៊ុនណារ៉េត ធ្វើ​ជា​ចំណាប់​ខ្មាំង ដើម្បី​ដាក់​សម្ពាធ​លើ​លោក ស៊ន តារា ឱ្យ​ឈប់​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត​បន្ត​ទៀត ខណៈ​ដែល​លោក ហ៊ុន សែន​ បាន​បរាជ័យ​ក្នុង​ការ​អូសទាញ​លោក ស៊ន តារា ឱ្យ​ចុះ​ជា​មួយ​គណបក្ស​កាន់​អំណាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។