ក្រសួងការពារជាតិនៅថ្ងៃទី៩ឧសភា បានចេញសេចក្ដីប្រកាសព័ត៌មានថា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជានិងថៃ លើកទី១៧ កាលពីថ្ងៃទី១ឧសភា នៅទីក្រុងបាងកក គឺពុំបានលើកឡើងពីការដកកងទ័ពចេញពីប្រាសាទតាមាន់ធំនោះទេ ហើយភាគីម្ខាងៗនៅតែរក្សាកងទ័ព៥នាក់ឱ្យឈរជើងដដែល។
សេចក្ដីប្រកាសបន្តថា កងទ័ពប្រទេសទាំងពីរ បានប្ដេជ្ញាបន្តប្រាស្រ័យទាក់ទងគ្នាជាធម្មតា និងជូនដំណឹងឱ្យគ្នាឱ្យបានជាប់លាប់ជាប្រចាំ ដើម្បីបង្ការរាល់ការប៉ះទង្គិច និងការយល់ច្រឡំណាមួយ ដែលអាចកើតឡើងជាយថាហេតុ។ ក្រសួងការពារជាតិក៏បានចាត់ទុកថា អ្នកដែលផ្សព្វផ្សាយថា កម្ពុជាដកទ័ពចេញពីប្រាសាទតាមាន់ធំ ជាជនអគតិ និងជាព័ត៌មានញុះញង់ បំបែកបំបាក់ផ្ទៃក្នុង និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។
ទោះជាយ៉ាងណា អ្នកដែលបានបញ្ជាក់ថា កងទ័ពកម្ពុជានិងថៃយល់ព្រមដកចេញពីប្រាសាទតាមាន់ធំ គឺប្រភពចេញមកពីរដ្ឋមន្ត្រីការពារជាតិថៃលោក ភូមិថាំ វេឆាយ៉ាឆៃ (Phumtham Wechayachai) ដែលលោកថែមទាំងអះអាងថា បើទោះបី កងទ័ពថៃដកចេញពីប្រាសាទតាមាន់ធំ ក៏ប្រាសាទនេះនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសថៃដដែល។
សារព័ត៌មានថៃល្បី២ ដូចជា កាសែតបាងកកប៉ុស្ដិ៍ (Bangkok Post) និង ឌឹ ណេសិន (The Nation) បានចុះផ្សាយដោយដកស្រង់សម្ដីលោក ភូមិ ថាំ វេឆាយ៉ាឆៃ ថា ការព្រមព្រៀងដកទ័ពនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំស្ដីពីបញ្ហាព្រំដែន រវាងរដ្ឋមន្ត្រីការពារជាតិកម្ពុជាលោក ទៀ សីហា និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ។
ទោះជាយ៉ាងណា ការចេញមកបដិសេធរបស់ក្រសួងការពារជាតិកម្ពុជានេះ ធ្វើឡើងក្រោយមួយសប្ដាហ៍ ខណៈរដ្ឋមន្ត្រីការពារជាតិថៃ បានប្រាប់អ្នកសារព័ត៌មានពីការព្រមព្រៀងដកទ័ពនេះ តាំងពីថ្ងៃព្រហស្បតិ៍ទី១ឧសភា គឺភ្លាមៗ បន្ទាប់ពីចប់កិច្ចប្រជុំស្ដីពីបញ្ហាព្រំដែនជាមួយភាគីកម្ពុជា។
អតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន បានប្រាប់វិទ្យុអាស៊ីសេរីថា ការចេញបដិសេធរបស់ក្រសួងការពារជាតិនៅពេលនេះ អាចដោយសារមានការថ្កោលទោសច្រើនពីពលរដ្ឋ ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាល ដែលយល់ព្រមដកទ័ពចេញពីប្រាសាទតាមាន់ធំ ជាមួយភាគីភាគី។ មន្ត្រីបក្សប្រឆាំង និងពលរដ្ឋយល់ឃើញថា អ្នកដែលត្រូវដកទ័ពចេញពីប្រសាទមាន់ធំ គឺទាហានថៃ មិនមែនទាហានខ្មែរនោះទេ ព្រោះប្រាសាទតាមាន់ធំ ស្ថិតក្នុងដែនដីកម្ពុជា។
ខ្ញុំយល់ថា អត់នរណាមួយ ចង់ទៅញុះញង់ បំបែកបំបាក់ផ្ទៃក្នុងជាតិ មិនមានទេ។ គេផ្សាយតែព័ត៌មានពិត ចេញពីប្រទេសថៃមក ក៏ប៉ុន្តែដោយសារមានការរិះគន់ខ្លាំង រដ្ឋាភិបាលចង់កែខ្លួន គាត់ក៏ចេញប្រកាសព័ត៌មានថា ការផ្សាយហ្នឹង ជាការញុះញង់អ៊ីចឹងទៅ។ ខ្ញុំយល់ថា តាមពិត ប្រាកដជាមានការព្រមព្រៀងគ្នាមែន ប៉ុន្តែដោយសារមានប្រតិកម្មខ្លាំង គាត់ក៏មានការកែប្រែចិត្តវិញ ហើយប្រកាសថា អត់មានការដកទ័ពចេញពីប្រាសាទតាមាន់ធំ។
— លោក អ៊ុំ សំអាន
រដ្ឋាភិបាលធ្លាប់អះអាងថា ប្រាសាទតាមាន់ធំ រួមទាំងប្រាសាទពីរទៀត ដែលថៃយកទៅគ្រប់គ្រងទាំងស្រុង គឺប្រាសាទតាមាន់តូច និងប្រាសាទតាក្របី គឺស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដោយមិនអាចប្រកែកបានឡើយ បើយោងទៅតាមសន្ធិសញ្ញាបារាំងនិងសៀមឆ្នាំ១៩០៧ ដែលបានចែងកំណត់ព្រំដែនយ៉ាងជាក់លាក់ និងជាឯកសារគតិយុត្តដែលទទួលស្គាល់ជាអន្តរជាតិ រួមទាំងប្រទេសថៃផង។
មន្ត្រីគណបក្សប្រឆាំងនៅតែទទូចឱ្យរដ្ឋាភិបាល ត្រូវប្ដឹងរឿងជម្លោះព្រំដែននៅប្រសាទទាំងបី និងរួមទាំងកោះគជ់ផង ទៅតុលាការយុត្តិធម៌អន្តរជាតិ ព្រោះរឿងជម្លោះព្រំដែនទាំងនេះ មិនខុសគ្នានឹងសំណុំរឿងនៅប្រសាទព្រះវិហារឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។