តំណាងសហគមន៍ព្រៃឈើអ្នកតាថ្មព្រង់ លោក ឃុន ស៊ីនឿន បានប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២មិថុនាថា ពួកលោកមិនបានធ្វើអ្វីខុសច្បាប់នោះទេ គឺគ្រាន់តែការពារព្រៃឈើក្នុងសហគមន៍ និងដាក់ញត្តិស្នើឱ្យប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ជួយការពារដីសហគមន៍ប៉ុណ្ណោះ។ លោក ចាត់ទុកលិខិតកោះហៅរបស់ប៉ូលិសមូលដ្ឋាននេះថា ជាការគំរាមកំហែងរារាំងការងារការពារព្រៃឈើរបស់ពួកលោក។
និយាមរួមទៅអត់មានទំនាស់អីទេ ប៉ុន្តែទាស់ទែងតែរឿងដីសហគមន៍ហ្នឹង យើងមិនឱ្យធ្វើហ្នឹង ដល់អ៊ីចឹងគេគំរាមកំហែងយើងមួយលើកជាពីរលើក គេមិនឱ្យយើងធ្វើអីទាំងអស់។ គេថាដីនេះជាដីព្រៃរបស់រដ្ឋ ប៉ុន្តែបើរដ្ឋប្រគល់ឱ្យប្រជាជននឹងការពារ អ៊ីចឹងដល់ពេលមានទុក្ខមានទោសអ៊ីចឹងគេទម្លាក់មកលើខ្ញុំហើយនឹងប្រជាពលរដ្ឋហ្នឹង។
— លោក ឃុន ស៊ីនឿន
ប្រជាសហគមន៍បានអំពាវនាវឱ្យនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត និង លោក ហ៊ុន សែន ជួយការពារសុវត្ថិភាពរបស់ពួកគាត់ ដើម្បីបន្តការងារការពារព្រៃឈើបន្តទៀត។
ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីអធិការនគរបាលស្រុកកំពង់សីលា លោក ដួង វណ្ឌី កាលពីព្រឹកថ្ងៃទី២មិថុនា បានកោះហៅតំណាងសហគមន៍អ្នកតាថ្មព្រង់ ៤នាក់ រួមមាន លោក ឃុន ស៊ីនឿន លោក ឆៃ ឆន លោក ផុន ភាព និងលោក ហាន់ សម្បត្តិ សាកសួររឿងអំពើហិង្សាលើអចលនទ្រព្យ។ ប៉ុន្តែពួកគាត់បានមិនចូលបំភ្លឺតាមការកោះហៅទេ ព្រោះបារម្ភខ្លាចសមត្ថចិត្តចាប់ខ្លួន។
ទាក់ទងនឹងបញ្ហានេះមន្ត្រីនៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា លោក តូច ចន្ធី បានប្រាប់វិទ្យុអាស៊ីសេរីថា ប៉ូលិសពុំមានបំណងចាប់ពួកគាត់នោះទេ គឺគ្រាន់តែសាកសួរតាមបណ្ដឹងរបស់ក្រុមហ៊ុនឯកជនប៉ុណ្ណោះ។
បាទនៅក្នុងន័យហើយ ប៉ុន្តែខាងខ្ញុំអត់អីទេគាត់មកឬមិនមកក៏ហីទៅ ពីព្រោះក្នុងរឿងនឹងខ្ញុំធ្វើរបាយការណ៍សំណុំរឿងដែលគេប្ដឹងនឹងបញ្ជូនទៅថ្នាក់លើទៀតអាចធ្លាក់ដល់តុលាការ។
— លោក តូច ចន្ធី
ជុំវិញរឿងនេះអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក យិន ម៉េងលី មានប្រសាសន៍ថា រឿងនេះអាចដោយសារសកម្មភាពការពារព្រៃឈើរបស់ពួកគាត់ ជាពិសេសថ្មីៗនេះពួកគាត់បានទៅដាក់ញត្តិនៅផ្ទះរបស់លោក ហ៊ុន សែន។ ទោះជាយ៉ាងណា លោក យិន ម៉េងលី បញ្ជាក់ថា សកម្មភាពរបស់ប្រជាសហគមន៍ពុំមែនជាអំពើខុសច្បាប់ឡើយ។
អាហ្នឹងអាចជាការធ្វើឱ្យអ្នកការពារហ្នឹង មានការបារម្ភមានការភ័យខ្លាចពីបញ្ហាហ្នឹង ពីព្រោះប្រជាពលរដ្ឋមិនសូវចេះច្បាប់ទេ នៅពេលដែលឃើញអ៊ីចឹងគាត់មានការភ័យខ្លាចហើយ។ សមាគមមានពិចារណាដាក់មេធាវីនៅក្នុងរឿងនេះដើម្បីធ្វើការតតាំងក្ដីឱ្យសហគមន៍ ព្រោះសហគមន៍ការពារផលប្រយោជន៍សាធារណៈអ៊ីចឹង យើងត្រូវការពារសហគមន៍ដើម្បីការពារប្រយោជន៍សាធារណៈដែរ។
— លោក យិន ម៉េងលី
កាលពីថ្ងៃទី៣០ឧសភាប្រជាសហគមន៍ព្រៃឈើអ្នកតាថ្មព្រង់ជាង៦០នាក់ បានប្រមូលផ្ដុំគ្នាលើកបដានៅមុខផ្ទះរបស់លោក ហ៊ុន សែន នៅក្រុងតាខ្មៅខេត្តកណ្ដាលនិងបានដាក់ញត្តិស្នើឱ្យ លោក ហ៊ុន សែន ជួយអន្តរាគមន៍ការពារព្រៃសហគមន៍របស់ពួកគាត់។
កន្លងមកពួកគាត់បានដាក់ញត្តិទៅអាជ្ញាធរស្រុក និងខេត្តព្រះសីហនុដើម្បីឱ្យដោះស្រាយរួចមកហើយ ប៉ុន្តែគ្មានដំណោះស្រាយ។ ប្រជាសហគមន៍ស្នើឱ្យរដ្ឋាភិបាល ធ្វើមោឃភាពលើប្លង់ដីឯកជនដែលក្រុមហ៊ុនបានទិញជាន់លើដីព្រៃសហគមន៍ និងជួយការពារដីព្រៃសហគមន៍មួយនេះទុកជាសម្បត្តិរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។